ចែករំលែកទៅកាន់បណ្ដាញសង្គម:

រដ្ឋបាលខេត្តសៀមរាប:  ថ្ងៃ សៅរ៍ 02 ធ្នូ 2017, ម៉ោង 12:06 ល្ងាច

អត្ថបទដោយ: គួច វារីថ្លា


ផ្ទះមនុស្សធម៌ទី៣៤ របស់សាខាកាកបាទក្រហមខេត្ត ត្រូវបានប្រគល់ជូនគ្រួសារក្រីក្រនៅស្រុកជីក្រែង

ផ្ទះមនុស្សធម៌ទី៣៤ ដែលផ្តួចផ្តើមឡើងដោយឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត ដែលមានទំហំ ៥ម៉ែត្រ គុណ ៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្គសី ត្រូវបានប្រគល់ជូនគ្រួសារ លោក យុង ជា អាយុ៣៥ឆ្នាំ ប្រពន្ធឈ្មោះ នង សុឃន់ អាយុ៣៣ឆ្នាំ ដែលមានកូន៣នាក់នៅក្នុងបន្ទុក ជាគ្រួសារក្រីក្រ ដែលដើស៊ីឈ្នួលគេ ដើមី្បទ្រទ្រង់ជីវភាពគ្រួសារ រស់នៅភូមិត្រពាំងត្រល់ ឃុំ អន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ពិធីនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១៦ខែ តុលា ឆ្នាំ២០១៧ក្រោមវត្តមានចូលរួមរបស់លោកជំទាវ គួយ ណា លីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ។ បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក ពៅ ប៊ុនធឿន ប្រធានអនុសាខាកាកបាទក្រហមស្រុកជីក្រែង និង តាមសេចក្តីរាយការណ៍របស់លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តរួចមក មានប្រសាសន៍ ក្នុង ឱកាសនោះលោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភនិងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាឡើយ ។ លោកជំទាវ ក៏បានសម្តែងនូវភាពទុក្ខសោករបស់ក្រុមគ្រួសារប្អូនប្រុស យុង ជា ហើយដោយមើលឃើញពីទុក្ខលំបាកនេះហើយ ទើបសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សម្រេចសាងសង់ផ្ទះមួយខ្នងជូនក្រុមគ្រួសារប្អូននាពេលនេះ ហើយទាំងនេះក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបរបស់ប្រមុខរាជរដ្ឋាភិបាល ពីសំណាក់ថ្នាក់ដឹកនាំ សំខាន់កាកបាទក្រហមកម្ពុជា ដូចដែលប្រធានបទបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ហើយទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។ លោកជំទាវក៏បានធ្វើការសំណូមពូរដល់ប្អូនប្រុស យុង ជា និង ក្រុមគ្រួសារ សូមថែរក្សាលំនៅដ្ឋានថ្មី និង សុខភាពដើម្បីនៅមើលថែទាំកូនៗឲ្យបានរៀនសូត្រ ព្រមទាំងធ្វើការដាំដុះដំណាំរួមផំ្ស ចិញ្ចឹមសត្វ ក្នុងការទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសារផងដែរ ។ ការប្រគល់លំនៅដ្ឋាននាពេលនេះ ក្នុងការជួយសម្រួលដល់ការរស់នៅរបស់ក្រុមគ្រួសារប្អូនទាំងពីរ និង កូនៗ មានជម្រកប្រកបដោយភាព កក់ក្តៅ ហើយក៏ជាការលើកកម្ពស់សុវត្ថិភាព សុខមាលភាព របស់ប្រជាពលរដ្ឋ សំខាន់កុមារដែលជាទំពាំងស្នងឫសី្សនៃសង្គមជាតិ និង សូមឲ្យកូនៗរបស់ប្អូនបានចូលសិក្សារៀនសូត្រផងដែរ ។ សម្ភារៈសង្កត់ផ្ទះនាពេលនោះរួមមាន អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងទឹកបរិសុទ្ធ៥យួរ ឃីត ១កញ្ចប់ សម្ភារៈផ្ទះបាយ កន្ទេល១ និង ថវិកា២០ម៉ឺនរៀល និង ចែកជូនបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីបានទទួលថវិកាមួយចំនួនផងដែរ ។ ឆ្លៀតឱកាសនោះដែលលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង និងប្រតិភូរួមដំណើរ បានអញ្ជើញចុះ សួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន៣គ្រួសារ ស្ថិតនៅភូមិព្រីញ ឃុំ ជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ក្នុងគោលបំណងដឹងពីសុខទុក្ខអ្នករស់នៅជាមួយមេរោគអេដស៍ នៅតាមមូលដ្ឋាន និងជាការសកម្មភាពគាំទ្រ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង ជាឥស្សរជន ឆ្លើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ចំពោះការឆ្លើយតបមេរោគអេដស៍ និងជម្ងឺអេដស៍ នៅកម្ពុជា ។ ក្នុងនោះលោកជំទាវក៏បានធ្វើការសម្តែងការអាណិតអាសូរ បងប្អូនទាំងអស់ដោយបានបញ្ជាក់ថា នេះជា បញ្ហាមួយធ្វើឲ្យយើងត្រូវរួមសហការគ្នាដោះស្រាយ ដើមី្បឈានទៅការគ្រប់គ្រងឲ្យបាន នូវការឆ្លងរាលដាលនៃជម្ងឺ អេដស៍ ព្រមទាំងបានធ្វើការលើកទឹកចិត្ត សូមកុំឲ្យអស់សង្ឃឹមក្នុងជីវិត ពេលបច្ចុប្បន្នយើងមានថ្នាំប្រឆាំងជម្ងឺអេដស៍ សូមឲ្យបងប្អូនត្រូវប្រតិបត្តិឲ្យបានត្រឹមត្រូវទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ត្រូវធ្វើការថែរក្សាសុខភាព នោះយើងនឹង បានរស់នៅដូចពលរដ្ឋទូទៅផងដែរ ។ ក្នុងនោះដែរលោកជំទាវក៏បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនបងប្អូនទាំង៣គ្រួសារ នូវគ្រឿងឧបភោគ បរិភោគ និង សម្ភារៈប្រើប្រាស់ចំនួន ០៨មុខ និង ថវិកា ៤ម៉ឺនរៀល ក្នុងមួយគ្រួសារផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ សៀមរាប