ចែករំលែកទៅកាន់បណ្ដាញសង្គម:

រដ្ឋបាលខេត្តសៀមរាប:  ថ្ងៃ សៅរ៍ 09 ធ្នូ 2017, ម៉ោង 09:23 ព្រឹក

អត្ថបទដោយ: គួច វារីថ្លា


ទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០១៧

ថ្ងៃអង្គារ ២រោជ ខែ  មិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១  ត្រូវនឹងថ្ងៃទី ០៥ ខែ ធ្នូ  ឆ្នាំ២០១៧   នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តសៀមរាប មានប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ក្រោមអធិបតីភាពរបស់លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង លោកជំទាវ មាស សន ជា ម៉ន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិក សមាជិកា គណៈកិត្តិយសគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិ និង បងប្អូនអ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និង យុវជនកាកបាទក្រហមកម្ពុជា មកពីបណ្តាក្រុង ស្រុក ឃុំសង្កាត់ ជាច្រើនរូបផងដែរ ។

តាមរបាយការណ៍របស់លោក ស៊ុំ សំអន នាយកសាខា បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧នេះ សាខាបានពង្រីក អ្នកស្ម័គ្រចិត្តសរុប ២៦៤នាក់ ស្រី ១៤២នាក់ និង បង្កើតក្រុមកាកបាទកម្ពុជាឃុំ បាន១៦ក្រុម  មកទល់ពេលនេះ សាខាមានអ្នកស្ម័ត្រចិត្តសរុប ១ពាន់៨៤៥នាក់ ស្រី១ពាន់៤នាក់ ក្នុង ៨៣៨ភូមិ នៃ៨៨ឃុំសង្កាត់ ក្នុងក្រុងស្រុក ៩  ។

ឆ្នាំ២០១៧នេះ  ការបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា បាន ៥លើក មាន ៤៦៥នាក់ ស្រី២៨៧នាក់  សរុប ទូទាំងខេត្ត១ពាន់២៦២នាក់ នៅ២៥គ្រឹះស្ថាន  ។ ក្នុងនោះអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ត្រូវបានទទួលនូវការបណ្តុះបណ្តាលពីចំណេះដឹងដើម្បីមានសមត្ថភាពបំពេញការងារ ដូចជាប្រវត្តិ និង គោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រវត្តិ និង សកម្មភាពកាកបាទក្រហមកម្ពុជា ពីវិជ្ជាសង្រ្គោះបឋមជាមូលដ្ឋានក្នុងសហគមន៍ តួនាទី ភារកិច្ចអ្នកស្ម័គ្រកាកបាទ និងការអប់រំសុខភាព  អនាម័យ ក្នុងសហគមន៍។

បន្ទាប់ពីការបង្ហាញផ្នែកខ្លះវិជ្ជាសង្គ្រោះបឋម របស់អ្នកស្ម័គ្រចិត្ត និងការផ្តល់នូវប័ណ្ឌសរសើរ លិខិតសរសើរ និងជូនរង្វាន់ដល់អ្នកស្ម័គ្រចិត្តមានស្នាដៃរួចមក លោកជំទាវ ជំទាវ គួយ ណាលីន ឃឹម ប៊ុនសុងមានប្រសាសន៍ ក៏បានលើកឡើងថា នេះជាលើកទី៣ហើយនៃការជួបជុំអ្នកស្ម័គ្រចិត្ត ក៏ដូចជាយុវជនកាកបាទក្រហមកម្ពុជាខេត្ត សៀមរាបយើង ទោះបីជាបងប្អូនអញ្ជើញមកចូលរួមនៅទីនេះមានចំនួនកំណត់ក្ដី តែបងប្អូនក៏ជាតំណាងឱ្យអ្នកស័្មគ្រចិត្ត និងយុវជនឯទៀតដែលនៅមូលដ្ឋាន និងសាលារៀនផងដែរ ។ ការប្រារព្ធទិវានេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប  ចំពោះការខិតខំទាំងស្មារតី ការចំណាយពេលវេលារបស់បងប្អូនអ្នកស័្មគ្រចិត្ត និងយុវជនយើងទាំងអស់គ្នា ក្នុងសកម្មភាពមនុស្សធម៌នៅមូលដ្ឋានរយៈពេលកន្លងមក ក៏ដូចបច្ចុប្បន្ននេះដែរ។ លោកជំទាវក៏បានបញ្ជាក់ក្នុងចំណោមគោលការណ៍គ្រឹះទាំង៧ ភាពមនុស្សធម៌ គឺជាគោលការណ៍ចម្បងគេ ហើយបើគ្មានសេវាកម្មស័្មគ្រចិត្ត ដែលជាគោលការណ៍ទី៥ទេនោះ ការងារមនុស្សធម៌ពិតជាពុំអាច  សម្រេចបានឡើយ។ លោកជំទាវក៏បានរំលឹកឡើងវិញពីបេសកកម្មមនុស្សធម៌នេះ ជាចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម  បានវត្តមានលើភពផែនដីយើងនេះអស់រយៈពេល១៥៨ឆ្នាំហើយ  ។  ឯកាកបាទក្រហមកម្ពុជា មានអាយុកាលជាង៦២ឆ្នាំហើយដែរ  បច្ចុប្បន្នកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជានោះ គឺជាស្ថាប័នមនុស្សធម៌ធំជាងគេក្នុងប្រទេស ដែលធ្វើប្រតិបត្តិការមនុស្សធម៌ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របតាមប្រធានបទជាសកលរបស់ចលនាអន្តរជាតិកាក បាទក្រហម អឌ្ឍចន្ទក្រហម គឺ សង្គ្រោះជីវិត ផ្លាស់ប្តូរផ្នត់គំនិត ។  ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្ត២០១១-២០២០ ដែលក្នុងនោះបានកំណត់នូវទស្សនវិស័យ គឺ រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និង ការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ ឲ្យសម្រេចបានជោគជ័យនោះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននិងកំពុងបន្តការយកចិត្តទុកដាក់បំពេញបេសកកម្មមនុស្សធម៌ស្របតាមវិស័យស្នូលទាំង៤ រួមមាន -ការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និង ការថែទាំសុខភាពក្នុងសហគមន៍ -លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា -ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន ។  វិស័យស្នូលទាំង៤ ដែលមិនអាចកាត់ផ្ដាច់បានពីសកម្មភាពចូលរួមរបស់អ្នកស្ម័គ្រចិត្តនិងយុវជន ដែលជាឆ្អឹងខ្នងរបស់កាកបាទក្រហមកម្ពុជាបានឡើយ ព្រោះថាកាកបាទក្រហមកម្ពុជា ជាសមាគមជាតិដែលជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ។  ម៉្យាងទៀតគោលដៅរបស់កាកបាទក្រហមកម្ពុជា គឺបង្ការ និងបន្ថយទុក្ខលំបាកវេទនា ដោយភាពមិនលំអៀងដោយពិតប្រាកដ ឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ  ភេទ  ភាសាជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ ។ ក្នុងទិវាដ៏ប្រពៃនេះលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានសំណូមពរ បងប្អូនអ្នកស្ម័គ្រចិត្ត និងយុវជនទាំងអស់ រួមសាមគ្គីគ្នាតាមរយៈការណែនាំរបស់ក្រុមកាកបាទក្រហមសង្កាត់-ឃុំ និងទីប្រឹក្សាយុវជន បន្ដនូវប្រពៃណីនៃសកម្មភាពមនុស្សធម៌ ជាបន្ដទៅទៀត ក្នុងសហគមន៍សំខាន់ស្រ្តី និងកុមារ ដល់គ្រួសាររងគ្រោះ ក៏ដូចជាគ្រួសារ និងជនងាយរងគ្រោះមានជាអាទិ៍ ជនចាស់ជរាគ្មានទីពឹង ជនពិការ អ្នកជំងឺអេដស៍ កុមារកំព្រា ស្រ្តីមេម៉ាយក្រីក្រមានកូនច្រីនក្នុងបន្ទុកជាដើម  ក្នុងបុព្វហេតុជួយសម្រាលទុក្ខលំបាករបស់ពួកគាត់ទាំងឡាយ ។ ក្នុងគោលបំណងរួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌៕