ចែករំលែកទៅកាន់បណ្ដាញសង្គម:

រដ្ឋបាលខេត្តសៀមរាប:  ថ្ងៃ សៅរ៍ 02 ធ្នូ 2017, ម៉ោង 11:44 ព្រឹក

អត្ថបទដោយ: គួច វារីថ្លា


គណៈប្រតិភូខេត្តអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព លោក កែវ សុខុម ប្រធានក្រុមប្រឹក្សាស្រុកក្រឡាញ់

នៅព្រឹកថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០១៧នេះ លោក ទៀ សីហា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំប្រតិភូខេត្ត ដោយមានឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំ បានចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និង ជួយចែករំលែកទុក្ខក្រុមគ្រួសារនៃសពរបស់លោក កែវ សុខុម ប្រធានក្រុមប្រឹក្សាស្រុកក្រឡាញ់ ដែលបានទទួលមរណៈភាព កាលពីរសៀលថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៧ វេលាម៉ោង១៦និង៣០នាទី ក្នុងជន្មាយុ៦១ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅពេលធ្វើដំណើរត្រឡប់មក ពីបំពេញភារកិច្ចនៅតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយសពរបស់លោក កែវ សុខុម ត្រូវបានដំកលរៀបចំធ្វើពិធីបុណ្យទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានផ្ទាល់នៃសព ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំ កំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ក្នុងការចូលរួមរំលែកទុក្ខនោះដែរ លោក ទៀ សីហា ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព និង មន្ត្រីរាជការជុំវិញស្រុក បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង នៃការបាត់បង់មន្ត្រីថ្នាក់ដឹកនាំមួយរូបដ៏ឆ្នើម ដែលពោពេញទៅដោយបទពិសោធន៍ បច្ចេកទេស ក្នុងការដឹកនាំ និង បំពេញភារកិច្ច ជូនជាតិមាតុភូមិកន្លងមក ព្រមទាំងបានចូលរួមក្នុងកិច្ចការកសាង និង អភិវឌ្ឍន៍នូវសមទ្ធិផលនានា នៅតាមមូលដ្ឋានភូមិ ឃុំ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ឯកឧត្តមក៏បានបន្តទៀតថា ឆ្លងតាមដំណាក់កាលក្នុងការបំពេញភារកិច្ច របស់លោក កែវ សុខុម មុនពេលចូលនិវត្តន៍ លោកជាថ្នាក់ដឹកនាំមួយដ៏ឆ្នើមក្នុងស្រុកក្រឡាញ់ ហើយត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិក ក្រុមប្រឹក្សាស្រុក លោកបានពុះពារនូវរាល់គ្រប់ឧបស័គ្គជាច្រើន ក្នុងការបំពេញកាតព្វកិច្ចជាតិ ក្នុងរយៈពេល៣៨ឆ្នាំមកនេះ ។ ម៉្យាងទៀតការបាត់បង់ស្វាម៉ី លោកឪពុកជាទីស្រឡាញ់របស់បងស្រី និង កូនៗ ចៅៗ ក៏ដូចថ្នាក់ដឹក នាំខេត្ត ស្រុក គ្រប់ជាន់ថ្នាក់ និង មន្ត្រីរាជការ ដែលបាត់បង់នូវកម្មាភិបាលមួយរូប ក៏ដូចការបាត់បង់នូវវត្ថុអ្វីមួយ ដែលរកតម្លៃអ្វីមកប្រៀបធៀបផ្ទឹមពុំបាន នៅក្នុងក្រុមគ្រួសារ និង សង្គមជាតិ ។ ក្នុងនោះដែរដែរលោក ទៀ សីហា ព្រមទាំងឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏បានធ្វើការបូជាទៀនធូក ដើមី្បឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្ត លោក កែវ សុខុម សូមឲ្យលោកបានទៅកាន់សុខតិភពថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការរួមការងារ ឲ្យទទួលនូវសេចក្តីសុខ និង ឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ។ ក្នុងនោះដែរឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត ក៏បានធ្វើការប្រគល់នូវលិខិតរំលែកទុក្ខរបស់ខេត្ត និង បច្ច័យ ចំនួន ២លានរៀល ដើមី្បចូលរួមជាមួយក្រុមគ្រួសារនៃសព លោក កែវ សុខុម យកទៅប្រើប្រាស់ក្នុងពិធីធ្វើបុណ្យសពទៅតាមគន្លងប្រពៃណីព្រះសាសនា ក្នុងនោះដែរសមាគមន៍មន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទែ ក៏បាននាំយកនូវថវិកា ចំនួន ៤លាន៥សែនរៀល ប្រគល់ដល់ក្រុមគ្រួសារសពផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប