ចែករំលែកទៅកាន់បណ្ដាញសង្គម:

រដ្ឋបាលខេត្តសៀមរាប:  ថ្ងៃ ចន្ទ 04 ធ្នូ 2017, ម៉ោង 08:46 ព្រឹក

អត្ថបទដោយ: គួច វារីថ្លា


ពិធីប្រកាស ផ្ទេរភារកិច្ច និងប្រគល់ភារកិច្ច អភិបាលរងស្រុកសូទ្រនិគម

នៅរដ្ឋបាលសាលាស្រុកសូទ្រនិគម មានធ្វើពិធីប្រកាសតែងតាំង ផ្ទេរភារកិច្ច និង ប្រគល់ភារកិច្ចដល់មន្ត្រីរាជការ ចំនួន ០៣រូប ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ដោយមានក្រុមប្រឹក្សា អាជ្ញាធរស្រុក ឃុំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង អង្គការសង្គមស៊ីវិលចូលរួមផងដែរ ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ត្រូវបានធ្វើការផ្ទេរភារកិច្ច លោកស្រី ទុយ លាំ នាយក្រមការ ថ្នាក់លេខ១ អភិបាលរងស្រុកស្វាយលើ មកជាអភិបាលរងស្រុកសូទ្រនិគម និង ប្រកាសតែងតាំង លោក ភឹង វុត្ថា ជាមន្ត្រីសាលាខេត្ត មានឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ១ និង លោក អៀង ពិសិដ្ឋ នាយករងទីចាត់ ការអន្តរ វិស័យ សាលាខេត្ត ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ឲ្យទទួលមុខតំណែងជាអភិបាលរងស្រុកសូទ្រនិគម ។ បន្ទាប់ពីគណៈអធិបតីប្រគល់សេចក្តីប្រកាស និង ការធ្វើប្តេជ្ញាចិត្តរួចមក មានមតិនោះដែរលោក ពិន ប្រាកដ លើកឡើងថា នេះជាប្រពៃណីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរាជរដ្ឋាភិបាល ពុំមានអ្វីដែលថ្មី និង ប្លែកនោះទេ តែសំខាន់នោះ គឺចរន្តនៃការងាររដ្ឋបាល ពុំមានការប្រែប្រួល ដោយរដ្ឋបាលស្រុក ត្រូវតែបន្តនិរន្តរភាពការងារបន្តទៀត ដោយប្រមូលផ្តុំកម្លាំងសរុបសំដៅជម្រុញ បង្កើននូវប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើនូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ សំខាន់គឺច្រកចេញចូលតែ មួយ ។ លោកក៏ធ្វើការក្រើនរំលឹកដល់អាជ្ញាធរ ស្រុក ឃុំ និង កម្លាំងសមត្ថកិច្ច ដោយបានសង្កត់ធ្ងន់ទៅលើបញ្ហាសន្តិសុខសង្គម និងចរាចរណ៍ សេវារដ្ឋបាលសាធារណៈ ដែលជាបន្លាក្នុងភ្នែកនៃសង្គម ដែលត្រូវអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានសហការលុបបំបាត់នូវ អំពើពុករលួយ និង ការធ្វើចរាចរគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងបទល្មើសផ្សេងៗជាដើម ។ ម៉្យាងទៀតក៏ត្រូវយកការទុកដាក់ ទៅលើបញ្ហាការយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធ ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវសាធារណៈ ក្នុងការធ្វើចរាចរណ៍ និង សណ្តាប់ធ្លាប់នៅទីប្រជុំជន ព្រមទាំងរក្សាឲ្យបាននូវ អនាម័យ និង បរិស្ថាន ដោយស្រុកសូទ្រនិគមជាតំបន់ឆ្លងកាត់របស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្ត នៅតំបន់ប្រវត្តិសាស្ត្រអង្គរ ។ លោកអភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើ ដល់មន្ត្រីដែលទើបបានផ្ទេរ និង ទទួលភារកិច្ចថ្មី ត្រូវខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ នឹងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត បញ្ញាញាណ និង ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនតម្រូវការរបស់ប្រជាជនឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ។ ម៉្យាងទៀតត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និង សេចក្តីណែនាំរដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសចូលរួម អនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និង គោលនយោបាយចាត់តាំង នឹងដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត និង រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងជួរគណៈអភិបាល ក្រុមប្រឹក្សា និង មន្ត្រីក្រោមឱវាទរដ្ឋបាលសាលាស្រុក ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៤សម្រាប់មន្ត្រីមុខងារសាធារណៈ គឺឆន្ទៈ ម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាពរដ្ឋ អង្គការសង្គមស៊ីវិល ក៏ដូចជាវិស័យឯកជន ដើម្បីវឌ្ឍនៈភាព និង ការអភិវឌ្ឍន៍ស្រុករបស់ខ្លួន ឲ្យកាន់តែមាន សោភណ្ឌភាពស្រស់បម្រោង និង រីកចម្រើនថែមទៀត ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប