លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ពិធីប្រកាសទទួលស្គាល់ក្រុមអ្នកស្ម័ត្រចិត្តកាកបាទក្រហមកម្ពុជាស្រុកបន្ទាយស្រី
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-09-13 21:33:41

ខេត្តសៀមរាប ៖ ដើមី្បជម្រុញចលនាមនុស្សធម៌ ឲ្យកាន់តែបានស៊ីជម្រៅនៅថ្នាក់មូលដ្ឋាន កាលពីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៧នេះ នៅសាលាស្រុកបន្ទាយស្រី មានធ្វើការប្រកាសទទួលស្គាល់ ក្រុមការងារកាកបាទក្រហមកម្ពុជា ទាំង០៦ឃុំ ចំនួន៩០រូប មកពី៣៦ភូមិ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវ គួយ ណាលីន ឃឹម ប៊ុន សុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ មាស សន ជា ម៉ន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់ លោក លោកស្រី ជាសមាជិក សមាជិការគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង អនុសាខាស្រុកផងដែរ ។ បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយស្រីរួចមក លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានអាននូវសេចក្តីប្រកាសរបស់គណៈកម្មាធិការសាខាកាក បាទក្រហមខេត្ត ស្តីពីការទទួលស្គាល់ក្រុមការងារកាកបាទក្រហមកម្ពុជា ទាំង០៦ឃុំ ចំនួន ៩០រូប ចំណុះឲ្យអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយស្រី ដែលជាកម្លាំងចលករ ក្នុងការផ្សព្វផ្សាយពីគោលការណ៍គ្រឹះចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ពីកាកបាទក្រហមកម្ពុជា នៅភូមិ ឃុំ ព្រមទាំងគ្រប់គ្រង ដឹកនាំសកម្មភាពមនុស្សធម៌របស់អ្នកស្ម័ត្រចិត្ត និង ផ្តល់សេវាសង្រ្គោះបឋម និង អប់រំសុខភាពក្នុងសហគមន៍ ។ ក្នុងនាមឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្ត លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានពាំនាំ នូវប្រសាសន៍សាកសួរសុខទុក្ខរបស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តមបណ្ឌិតប្រធាន ចំពោះបងប្អូនអ្នកស្ម័ត្រចិត្តកាកបាទក្រហមកម្ពុជា ។ ក្នុងនោះដែរលោកជំទាវក៏បានរំលឹកផងដែរ ពីប្រវត្តិកាកបាទក្រហមកម្ពុជា បានបង្កើតឡើង នៅថ្ងៃទី ១៨ កុម្ភះ ឆ្នាំ១៩៥៥ ដែលជាសមាជិកទី៨៥ របស់សហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និង បានបំពេញតួនាទីជាជំនួយការមនុស្សធម៌ឲ្យអាជ្ញាធរ សាធារណៈ ។ លោកជំទាវក៏បានគូសបញ្ជាក់ថា មកដល់ពេលនេះ អ្នកស្ម័ត្រចិត្តកាកបាទក្រហមខេត្តសៀមរាប មានចំនួនសរុប ១ពាន់៤២៧នាក់ ស្រី ៧២៨នាក់នៅក្រុង ស្រុកចំនួន៧ នៃ ៦៤ឃុំ សង្កាត់ ស្មើ ៦០៣ភូមិ។ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង បានលើកឡើងថា តាមរយៈអនុសាខាក្រុង ស្រុក ក្រុមកាកបាទក្រហមឃុំ សង្កាត់ បងប្អូនអ្នកស្ម័ត្រចិត្ត បានចូលរួមសកម្មភាពក្នុងភារកិច្ចមនុស្សធម៌ ក្នុងការចូលរួមផ្តល់ជូនដល់គ្រួសាររងគ្រោះ ដោយគ្រោះមហន្តរាយ ការសង្រ្គោះបឋមដល់ជនរងគ្រោះ ព្រមទាំងធ្វើការផ្សព្វផ្សាយ អប់រំសុខភាព អនាម័យ បង្កាជម្ងឺឆ្លង និង ចូលរួមពលកម្មសម្អាតបរិស្ថានសង្គម ព្រមទាំងជួយដល់សុវត្ថិភាពចរាចរណ៍ជាដើម ។ ក្នុងនោះដែរលោកជំទាវក៏បានលើកឡើងពីគោលការណ៍គ្រឹះចលនាកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូន ដើមី្បជាមូលដ្ឋានគ្រឹះ ក្នុងភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មកម្មស្ម័ត្រចិត្ត ឯកភាព និង សកលភាព ដែលជាបទបញ្ញត្តិសម្រាប់អ្នកបំពេញការងារមនុស្សធម៌កាកបាទក្រហម អឌ្ឍចន្ទក្រហម ។ លោកជំទាវក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនអ្នកស្ម័ត្រចិត្តទាំង០៦ឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញ ការងារមនុស្សធម៌ ក្នុងគោលបំណង រួមចំណែកកាត់បន្ថយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និង អ្នកងាយរងគ្រោះ ហើយលោជំទាវក៏មានសង្ឃឹមជឿជាក់ថា បងប្អូនអ្នកស្ម័ត្រចិត្តទាំង ៩០នាក់ និង សកម្មចូលរួមដឹកនាំ សម្របសម្រួលដល់បងប្អូនអ្នកស្ម័ត្រចិត្តកាកបាទក្រហម ភូមិ ឃុំ ក្នុងសកម្មភាពមនុស្សធម៌នៅថ្នាក់មូលដ្ឋាន សម្រេចបានលទ្ធផលល្អជាក់ជាមិនខាន ។ ឆ្លៀតឱកាសនោះដែរលោកជំទាវ និង ប្រតិភូក៏បានអញ្ជើញចុះត្រួតពិនិត្យអគារទីស្នាក់ការអនុសាខាកាកបាទក្រហមស្រុកបន្ទាយស្រី ដែលបានសាងសង់រួចរាល់ ដើមី្បត្រៀមលក្ខណៈរៀបចំបើកការសម្ភោធដាក់ឲ្យប្រើប្រាស់ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខនេះផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប