លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា នៅស្រុកបន្ទាយស្រី
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-09-13 21:27:36

ខេត្តសៀមរាប ៖ យុវសិស្សចំនួន ៣២រូប នៃវិទ្យាល័យបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានធ្វើការបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលាស្រុកបន្ទាយស្រី ក្រោមអធិបតីភាពរបស់លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង លោកជំទាវ មាស សន ជា ម៉ន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ជាសមាជិក សមាជិការគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង លោកគ្រូ អ្នកគ្រូ និង អនុសាខាស្រុកផងដែរ ។ បន្ទាប់ពីកិច្ចស្វាគមន៍និងសេចក្តីរាយការណ៍របស់លោកនាយកវិទ្យាល័យបន្ទាយស្រី និង ការបំពាក់កន្សែងយុវជន កាកបាទក្រហមកម្ពុជា ជូនដល់យុវសិស្សទាំង៣២រូប និង ការឡើងធ្វើចំណាប់អារម្មណ៍ និង ការប្តេជ្ញាចិត្តរបស់តំណាងយុវជនកាកបាទក្រហមកម្ពុជារួចមក មានប្រសាសន៍សំណេះសំណាលជាមួយយុវជនកាកបាទក្រហមកម្ពុជា និង ទីប្រឹក្សាយុវជននាឱកាសនោះ ក្នុងនាមតំណាងឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានបញ្ជាក់អំពីលទ្ធផល និងសកម្មភាពរបស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងការចុះសួរសុខទុក្ខ និង ចែកអំណោយដល់ជនរងគ្រោះក្នុងឆ្នាំ២០១៦ ព្រមទាំងលើកឡើងពីប្រវត្តិនៃការបង្កើតកាកបាទក្រហមកម្ពុជា នាថ្ងៃ ទី១៨ កុម្ភះ ឆ្នាំ១៩៥៥ ដោយឈរលើគោលការណ៍គ្រឹះនៃចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលផ្តោតជាសំខាន់លើមនុស្សធម៌ ។ ម៉្យាងទៀតក៏ជាការជ្រើសរើសបំពេញបន្ថែម យុវជនកាកបាទក្រហមកម្ពុជា នៅគ្រប់គ្រឹះស្ថានសិក្សា ដែលត្រូវបានបញ្ចប់កាសិក្សានៅតាមវិទ្យាល័យ ហើយការបំពាក់កន្សែងយុវជនកាកបាទក្រហមនាពេលនេះ គឺជាលើកទី៣ហើយ នៅវិទ្យាល័យបន្ទាយស្រីនេះ ។ ក្នុងនោះដែរលោកជំទាវក៏បានលើកឡើងនូវបរិបទថ្មី នៃមហាសន្និបាតកាកបាទក្រហមកម្ពុជា ដាក់ចេញនូវយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២០ ក្នុងទស្សនៈវិស័យ រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិ និង ការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ និង ដោយផ្តោតការយកចិត្តទុក្ចដាក់លើវិស័យស្នូលទាំង៤ ជាសំខាន់ លើការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងថែទាំសុខភាព ក្នុងសហគមន៍ ព្រមទាំងលើកកម្ពស់គោលការណ៍គ្រឹះ និង តម្លៃមនុស្សធម៌របស់ចលនា និង អភិវឌ្ឍន៍ស្ថាប័ន អភិវឌ្ឍន៍ធន ធាន ។ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានផ្តាំផ្ញើដល់ក្មួយៗយុវជនកាកបាទក្រហមកម្ពុជាទាំង ៣២រូប ត្រូវគោរពប្រតិបត្តិពីតួនាទី ភារកិច្ចឲ្យខ្ជាប់ខ្ជួន ក្នុងសកម្មភាពមនុស្សធម៌ និង ធ្វើជាគំរូឈានមុខនៅក្នុងសាលារៀន ឧស្សាហ៍ព្យាយាមរៀនសូត្រជាគំរូដល់មិត្តយុវវ័យ ត្រូវធើ្វការអប់រំ អនាម័យសុខភាព ព្រមទាំងចូលរួមក្នុងការងារសង្គម ពិសេសលើសុវត្ថិភាពចរាចរនៅតាមទីប្រជុំជន ក្នុងបុព្វហេតុចូលរួមគាំទ្រធនធានមនុស្ស និង សកម្មភាពមនុស្សធម៌របស់យុវជន ដែលអ្នកបន្តវេនការងារយើងទាំងអស់គ្នា ។ លោកជំទាវ ក៏បានធ្វើការកោតសរសើរផងដែរដល់ក្មួយៗយុវជនកាកបាទក្រហមកម្ពុជាយើង ដែលមានស្មារតីឆន្ទះ ចូលរួមក្នុងសកម្មភាពមនុស្សធម៌ ប្រកបដោយភាពចាស់ទុំ ក្នុងសកម្មភាពរួមគ្នាអនុវត្តនូវទិសស្លោក ដ៏មានខ្លឹមសារ ឲ្យបានកាន់តែច្រើននិងស៊ីជម្រៅ ព្រមទាំងឲ្យបានកាន់តែឆ្ងាយជាមុន ។ ក្នុងនោះលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បាននាំយកនូវថវិកាជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច គត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាចែកជូនដល់ក្មួយៗទាំង៣៥នាក់ម្នាក់ៗថវិកា ១ម៉ឺនរៀល និង ឧបត្ថម្ភដល់ក្រុម២០ម៉ឺនរៀលផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារសារព័ត៌មានសៀមរាប