លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ក្រុមគណៈកម្មការចម្រុះចាប់ អនុវត្តប្រតិបត្តិការរុះរើសំណង់ខុសច្បាប់នៅក្នុងឧទ្យានអង្គរ
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-08-11 22:29:48

ខេត្តសៀមរាប ៖ សំណង់ខុសច្បាប់ ដែលបានសាងសង់នៅក្នុងរដូវ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នៅក្នុងតំបន់១ និង តំបន់២ នៃតំបន់អង្គរ ត្រូវបានក្រុមគណៈកម្មការចម្រុះ ចុះធ្វើការអនុវត្តទៅ តាមគោលការណ៍ច្បាប់របស់អង្គការយូនីស្កូ ក្នុងការថែរក្សាអភិរក្ស តំបន់រមណីយដ្ឋានអង្គរ សំខាន់បញ្ហាសំណង់ខុសច្បាប់នៅក្នុងតំបន់អង្គរ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ចំពោះសោភណ្ឌភាពប្រាសាទបុរាណ ។ ម៉្យាងទៀត ក្រុមគណៈកម្មការចម្រុះ ក្នុងការអនុវត្តគោលការណ៍ច្បាប់របស់អង្គការយូនីស្កូ ទៅតាមគ្រប់រូបភាព និង វិធានការ ក្នុងការរុះរើសំណង់ខុសច្បាប់ទាំងនោះក្នុងតំបន់អង្គរ ដើមី្បធ្វើការទប់ស្កាត់នូវ រាលហានីភ័យណាមួយកើតឡើង ចំពោះសេដ្ឋកិច្ចជាតិជាចំបង ។ ក្រោយពេលដែលអាជ្ញាធរជាតិអប្សរា ធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ ជាម្ចាស់លំនៅដ្ឋានខុសច្បាប់ ក្នុងតំបន់អង្គរ ដើមី្បឲ្យម្ចាស់សំណង់ទាំងនោះ ធ្វើការរុះរើដោយស្ម័ត្រខ្លួនឯង ជាមួយលើក ជាពីរលើកមក នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ ក្រុមគណៈកម្មការចម្រុះ រួមមានអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តសៀមរាប និង អង្គភាពពាក់ព័ន្ធផ្សេងៗ បានចាប់ផ្តើមអនុវត្ត ធ្វើការចុះរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ ។ ការចុះរុះរើសំណង់ខុសច្បាប់ទាំងនេះ ធ្វើឡើងបន្ទាប់ពីក្រុមគណៈកម្មការចម្រុះបានពន្យារពេលអស់មួយរយៈ និង ជូនដំណឹងជាសាធារណៈច្រើនដងរួចមក ដើម្បីទុកលទ្ធភាពឱ្យប្រជាជនធ្វើការរុះរើដោយខ្លួនឯង ជាការចៀសវាងការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរដោយសារក្រុមការងារចម្រុះ ។ ចំពោះគោលដៅដែលរុះរើនៅថ្ងៃទីមួយនេះ គឺធ្វើនៅស្រុកប្រាសាទបាគង ស្រុកអង្គរធំ និង ក្រុងសៀមរាប ដោយរុះរើសំណង់ខុសច្បាប់បានចំនួន៧ករណី។ តាមការសង្កេតជាក់ស្តែង កំឡុងពេលរុះរើក៏មានប្រជាជនមួយចំនួនបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯងផងដែរ ហើយក្រុមគណៈកម្មការចម្រុះ ក៏នៅតែអំពាវនាវដល់ប្រជាជនឲ្យស្ម័គ្រចិត្តក្នុងការរុះរើសំណង់ខុសច្បាប់ទាំងនេះ និង ចូលរួមសហការជាមួយក្រុមការងារ ដើម្បីរមណីយដ្ឋានអង្គរមានភាពស្រស់ស្អាត រក្សាបាននូវទីតាំងប្រវត្តិ សាស្ត្រដែលជាមរតកជាតិដ៏សំខាន់សម្រាប់កូនខ្មែរគ្រប់រូបគ្រប់ជំនាន់ ហើយក៏ជាប្រភពចំណូលសេដ្ឋកិច្ចជាតិមិន ចេះរីងស្ងួតទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប