លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ផ្ទះមនុស្សធម៌ទី២៨ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានជូនគ្រួសារទុរគតជន នៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-08-05 19:57:41

ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧នេះ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បានអញ្ជើញចុះប្រគល់ផ្ទះមនុស្សធម៌ទី២៨ ដែលផ្ដួចផ្ដើមដោយឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ផ្ទះនេះមានទំហំ ៤ម៉ែត្រគុណ ៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ជូនគ្រួសារលោកតា ណែម វន់ អាយុ៨៥ និង លោកយាយ អ៊ុន នួន អាយុ៦៥ឆ្នាំ ជាគ្រួសារទីទ័លក្រខ្លាំង មានជំងឺប្រចាំកាយ និង មានកូនស្រីម្នាក់ បច្ចុប្បន្នដើរស៊ីឈ្លួលគេដើម្បីចិញ្ចឹមឪពុកម្ដាយ រស់នៅភូមិច្រនៀង ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ដែលជាផ្ទះលើកទី១ នៅស្រុកស្រីស្នំ ។ មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវគួយ ណាលីន ឃឹម ប៊ុនសុង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកជំទាវ ក៏បានផ្តាំផ្ញើដល់ សមាជិកគ្រួសារ ត្រូវចេះសម្អាត ថែរក្សា ផ្ទះថ្មីនេះដើម្បីបានជាជម្រកដ៏កក់ក្តៅ ។ លោកជំទាវក៏បានបន្តថា សូមកុំអស់សង្ឃឹមចំពោះវាសនារបស់ខ្លួនទោះបីគ្រួសារអ្នកមីងមានភាពក្រីក្រក៏ពិតមែន ក៏សង្គមជាតិមិនបោះបង់ចោលក្រុមគ្រួសារអ្នកមីងឡើយ យើងមានអាជ្ញាធរមូលដ្ឋានជាអ្នកគ្រប់គ្រងនៅជិតខ្លួន ។ ក្នុងនោះដែរលោកជំទាវក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ដែលបានចូលរួម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងរដូវវស្សានេះ នៅពេលមានភ្លៀងផ្គរន្ទះ ខ្យល់កន្ទ្រាក់ និង មានប្រធានស័ក្តណាមួយកើតឡើង គឺត្រូវរត់ទៅរកទីទួលសុវត្ថិភាព និង ត្រូវចេះធ្វើការថែទាំសុខភាព ត្រូវសម្រានក្នុងមុង និងថែទាំកូនតូចៗរបស់ខ្លួន នៅពេលមានជំងឺត្រូវបញ្ជូនកូនទៅកាន់មណ្ឌលសុខភាព និង ជម្រុញកូនៗរបស់ខ្លួនឲ្យបានទៅសិក្សារៀនសូត្រ ព្រមទាំងត្រូវធ្វើស្រែចំការឲ្យបានទាន់ ពេលវេលា ព្រោះអីរដូវស្សាជិតផុតហើយ និង ត្រូវធ្វើការដាំដុះដំណាំរួមផ្សំ ក្នុងការផ្គត់ផ្គង់ក្រុមគ្រួសារផងដែរ ។ អំណោយសម្រាប់សង្កត់ផ្ទះរួមមាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកាមួយចំនួន។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមម្នាក់ៗទទួលបានថវិកាមួយចំនួផងដែរ។ ជាមួយគ្នានេះដែរ ព្រះអនុគណស្រុកក៏បានប្រទាននូវទ័យទាន និងថវិកាមួយចំនួនដល់គ្រួសារលោកតា លោកយាយផងដែរ។ បន្ទាប់ពីប្រគល់ផ្ទះមនុស្សធម៌រួច លោកជំទាវ និងសហការីបានអញ្ជើញជួបសួរសុខទុក្ខលោកតា ឃុត ចឿង អាយុ៧២ឆ្នាំ ជាចាស់ជរា ពិការ និង ជាអតីតមេភូមិច្រនៀង ក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំនេះ ព្រមទាំងឧបត្ថមភនូវថវិកា មួយចំនួនផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ