លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ផ្ទះមនុស្សធម៌ទី២៧ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានជូនគ្រួសារទុរគតជន នៅឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-08-03 21:15:47

ខេត្តសៀមរាប ៖ ផ្ទះមនុស្សធម៌ទី២៧ មានទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ សង់ពីឈើ កម្ពស់ពីដី១,៦០ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារជញ្ជាំងក្ដារ ជាអំណោយរបស់កញ្ញា ឃឹម មុនីរត្នន៍ ជានិសិ្សត ទើបបញ្ចប់ការសិក្សានៅក្រៅប្រទេស ផ្តល់តាមរយៈសាខាកាកបាទក្រហមខេត្តសៀមរាប ត្រូវបានលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង លោកជំទាវ ទោម ចន្ថា នូ ផល្លា សមាជិកាកិត្តិយសកាកបាទក្រហមកម្ពុជាខេត្ត និងសហការី ធ្វើការប្រគល់ជូនបងស្រី ប៉ាន់ សារិន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយក្រីក្រ នៅឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៧ ព្រមទាំងនាំមយកនូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយសប្បុរសធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ។ បន្ទាប់ពីអនុសាខាកាកបាទក្រហមស្រុកក្រឡាញ់ ធ្វើកិច្ចស្វាគមន៍ និង សេចក្តីរាយការណ៍លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានគូសបញ្ជាក់អំពី ប្រវត្តិរបស់ក្រុមគ្រួសារបងស្រី ប៉ាន់ សារិន អាយុ៤៨ ឆ្នាំជាស្ត្រីមេម៉ាយ មានកូនស្រីម្នាក់ ដើរធ្វើកម្មករសំណង់ដើមី្បបានប្រាក់ផ្គត់ផ្គង់គ្រួសារ ម្តាយវាយថ្មភ្នំលក់ ដែលមានទីលំនៅភូមិភ្នំទ្រង់ បាត្រ ឃុំ កំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ដោយមើលឃើញភាពទុក្ខលំបាក ក្នុងទីជម្រកស្នាក់នៅ ក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរឃុំ ស្រុក សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានសាងសង់ផ្ទះមនុស្សធម៌ជូនដល់គ្រួសារបងស្រីឲ្យបានស្នាក់នៅបានសមរម្យ ហើយក៏ជាផ្ទះទី២៧ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង ជាផ្ទះទី៣ហើយនៅក្នុងស្រុកក្រឡាញ់នេះ ។ មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ លោកជំទាវក៏បានបន្តថាដោយមើលឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារបងស្រី ប៉ាន់ សារិន ទើបសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសម្រេចសាងសង់ផ្ទះមួយខ្នងជូនគ្រួសារនេះ ក្រោមការយកចិត្តទុក ដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខា ក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា និងទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា លោកជំទា ក៏បានបន្តថា សូមកុំអស់សង្ឃឹមចំពោះវាសនារបស់ខ្លួន ទោះបីបងស្រីមានភាពក្រីក្រក៏ពិតមែន ក៏សង្គមជាតិមិនបោះបង់ចោលក្រុមគ្រួសារបងឡើយ ដោយយើងមានអាជ្ញាធរមូលដ្ឋានជាអ្នកគ្រប់គ្រងនៅជិតខ្លួន ។ ក្នុងនោះដែរលោកជំទាវក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ដែលបានចូលរួម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងរដូវវស្សានេះ នៅពេលមានភ្លៀង ផ្គរន្ទះ ខ្យល់កន្ទ្រាក់ មិនត្រូវប្រើប្រាស់ទូរស័ព្ទ គ្រឿងអេឡិចត្រូនិចឡើយ ដែលបង្កឲ្យគ្រោះ ថា្នក់ និង នៅពេលមានប្រធានស័ក្តណាមួយកើតឡើង គឺត្រូវរត់ទៅរកទីទួលសុវត្ថិភាព និង ត្រូវចេះធ្វើការថែទាំសុខភាព ត្រូវសម្រានក្នុងមុង និងថែទាំកូនតូចៗរបស់ខ្លួន នៅពេលមានជំងឺត្រូវបញ្ជូនកូនទៅកាន់មណ្ឌលសុខភាព និង ជម្រុញកូនៗរបស់ខ្លួនឲ្យបានទៅសិក្សារៀនសូត្រផងដែរ ។ ម៉្យាងទៀតក្រៅពីការងារបង្កបង្កើនផល រដូវវស្សា សូមបងប្អូនធ្វើការដាំដុះដំណាំរួមផំ្ស ដើមី្បធ្វើការទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសារផងដែរ ។ អំណោយសង្កត់ផ្ទះ មានអង្ករ ៥០គីឡូក្រាម ឃីត១កញ្ចប់ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ កន្ទេល១ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល ក្នុងនោះលោកជំទាវក៏បានផ្តល់នូវទូរទស្សន៍មួយគ្រឿងដល់ក្រុមគ្រួសារនេះផងដែរ ។ សម្រាប់លោកតា លោកយាយ និង ប្រជាពលរដ្ឋដែលបានអញ្ជើញ ចូលរួមពិធី ម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀលផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារសារព័ត៌មានសៀមរាប