លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ចែកទោចក្រយាននិងជ្រូក ជូនដល់សិស្សនិងប្រជាពលរដ្ឋក្រីក្រ នៅឃុំនគរភាស ស្រុកអង្គរជុំ
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-07-17 20:48:54

ខេត្តសៀមរាប ៖ ទោចក្រយានចំនួន ១៦០គ្រឿង និង កូនជ្រូកចំនួន ១០០ក្បាល ដែលជាអំណោយដ៏សប្បុរសធម៌របស់ប្រជា ជនកូរ៉េ ត្រូវបានលោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត នាំយកទៅចែកជូនដល់សិស្សានុសិស្ស និង ប្រជាពលរដ្ឋ នៅអនុវិទ្យាល័យ នគរភាស ក្នុងឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពីប្រធានសមាគមកូរ៉េប្រចាំខេត្ត បងប្អូនសប្បុរជន ជនជាតិកូរ៉េ និង អាជ្ញាធរស្រុក ឃុំ ចូលរួមផងដែរ។ ក្នុងកិច្ចស្វាគមន៍របស់លោក លុក ផុស អភិបាលនៃគណៈអភិបាលស្រុកអង្គរជុំ បានបញ្ជាក់ អំពីស្ថានភាព ភូមិសាស្ត្រ សន្តិសុខ និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងស្រុករួចមក លោក លី ហ្យុនស៊ូ ប្រធានក្រុមអ្នក ស្ម័ត្រចិត្ត កូរ៉េ បានគូសបញ្ជាក់ថា នេះជាលើកទី១០ហើយក្នុងការផ្តល់កង់ដល់សិស្សានុសិស្សនៅតាមជនបទ និង ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា ដែលសប្បុរសជនប្រជាជនកូរ៉េ ចំនួន៣០០នាក់ ដែលបានបរិចាកធនធាន ក្នុងការចូល រួមកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ មានប្រសាសន៍សំណេះសំណាលនោះ លោកស្រី យូ សុភា បានសម្តែងនូវការស្វាគមន៍ នូវកាយវិការដ៏ សប្បុរសធម៌ របស់ប្រជាជនកូរ៉េ ដែលបានចូលរួមយ៉ាងសកម្មក្នុងការ កាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជនកម្ពុជា សំខាន់នៅខេត្តសៀមរាប ។ លោកជំទាវក៏បានឲ្យដឹងផងដែរថា ខេត្តសៀមរាបជាខេត្តទេសចរណ៍ ដោយមានកេរ្តិ៍ មរតកវប្បធម៌ដ៏សម្បូរបែប ដែលចាសម្បត្តិដូនតាបានសន្សល់ទុក បានក្លាយជាទ្រព្យដ៏មហាសាលពុំអាចកាត់ថ្លៃបាន និង ក្លាយជាតំបន់គោលដៅរបស់ភ្ញៀវទេសចរណ៍លើពិភពលោក តែអត្រាភាពក្រីក្ររបស់ប្រជាជនខេត្តសៀមរាប គឺស្ថិតនៅ ប្រភេទក្រលេខ៨ ដោយខេត្តសៀមរាបដែលជាសមរភូមិក្តៅនៃសង្រ្គាមស៊ីវិល ដែលត្រូវបានបញ្ចប់សង្រ្គាម ចុងក្រោយ នៅកម្ពុជា នាឆ្នាំ១៩៩៨ ហើយដែលធ្វើឲ្យការអភិវឌ្ឍន៍ក៏មានភាពយឺតយ៉ាវផងដែរ ។ ម៉្យាងទៀតក្នុង ពេលកន្លងមក សប្បុរសជន និង គ្រូពេទ្យស្ម័ត្រចិត្តកូរ៉េ បានចុះមកព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ និង ផ្តល់កង់ដល់ សិស្ស និង ផ្តល់ជ្រូកដល់ប្រជាពលរដ្ឋនៅស្រុកវ៉ារិន ។ លោកស្រី យូ សុភា ក៏បានសំណូមពរមួយចំនួន ដល់ សប្បុរសជន ជួយដល់លើវិស័យសុខាភិបាល សំខាន់ការបង្កើតមណ្ឌលសុខភាព រួមទាំងអណ្តូងទឹក សាលារៀន ក្នុង ការជួយសម្រួលពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ ។ ក្នុងនោះដែរលោកជំទាវក៏បានធ្វើការណែនាំ និង ផ្តាំផ្ញើដល់សិស្សានុសិស្សដែលទទួលបានទោចក្រយាននេះទៅ ត្រូវចេះធ្វើការថែរក្សា និង ប្រើប្រាស់ឲ្យបានល្អ ពី ព្រោះថា ទោចក្រយាននេះ ជាមធ្យោបាយធ្វើដំណើររបស់ក្មួយៗ សម្រាប់មកសិក្សា ឲ្យបានទាន់ពេលវេលាក្នុងការ សិក្សា ហើយចំពោះជ្រូកពូជដែលបងប្អូនទទួលយកទៅចិញ្ចឹម ត្រូវចេះធ្វើការថែទាំបំប៉នចំណីឲ្យបានធំធាត់ និង បង្កាត់ពូជបន្ត ដើមី្បបង្កើននូវចំណូលសេដ្ឋកិច្ចក្នុងក្រុមគ្រួសារ ព្រមទាំងមានការទំនាក់ទំនងជាមួយ មន្ត្រីការិយាល័យ កសិកម្មស្រុក ក្នុងការពិនិត្យ ឬ ចាក់វ៉ាក់សាំងដល់សត្វជ្រូករបស់ខ្លួន និង ត្រូវស្តាប់ការណែនាំរបស់ក្រុមគ្រូពេទ្យសត្វ អំពីការថែរក្សា សត្វរបស់ខ្លួនកុំឲ្យមានជម្ងឺទៀតផង ។ ម៉្យាងទៀតអំណោយទាំងនេះ ក៏ជាចំណងដៃថ្មីរបស់ប្រជាជន កូរ៉េ សម្រាប់បង ប្អូនប្រជាជនក្នុងឃុំ នគរភាស ក៏ដូចសិស្សានុសិស្សអនុវិទ្យាល័យនគរភាសផងដែរ ។ លោកជំទាវ ក៏សូមឲ្យបងប្អូនសប្បុរសជនកូរ៉េ ជួយបន្តការផ្តល់ជាសម្ភារៈសិក្សា ក៏ដូចជាមធ្យោបាយធ្វើដំណើរ និង ការផ្តល់ពូជ ជ្រូក ទៅដល់ប្រជាជននៅតាមបណ្តា ភូមិ ឃុំ ក្នុងមូលដ្ឋាននៃខេត្តសៀមរាប ក៏ដូចទូទាំងព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប