លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


លំនៅដ្ឋានមនុស្សធម៌ទី២៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ត្រូវប្រគល់ជូនគ្រួសារទីទ័លក្រ នៅស្រុកអង្គរធំ
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-07-14 22:01:42

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៧ គណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ទី២៥ ដែលមានទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ សង់ពីឈើ តម្កល់លើជើងតាង កម្ពស់ពីដី១,៧០ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្ដារ ដល់ក្រុមគ្រួសារលោក ជីវ ឈិន អាយុ៤៧ឆ្នាំ និងប្រពន្ធ ឈ្មោះ ទុយ រី អាយុ៥១ ឆ្នាំជាគ្រួសារទីទ័លក្រខ្លាំង មានជំងឺប្រចាំកាយ និងមានកូនច្រើនក្នុងបន្ទុក ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយសប្បុរសធម៌របស់សាខាមួយចំនួនផងដែរ។ បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក ឡុង រដ្ឋារក្ស ប្រធានគណៈម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរធំ និងតាមសេចក្តីរាយការណ៍របស់លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមខេត្ត បានបញ្ជាក់ថា គ្រួសារលោក ជីវ ឈិន ជាគ្រួសារទីទ័លក្រ មានសមាជិក៧នាក់ រកបានព្រឹកខ្វះល្ងាច ដើរស៊ីឈ្នួលគេ គ្រាន់ទិញអង្ករហូប រស់នៅភូមិគោកគ្រើក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ ដោយមើលឃើញលំនៅដ្ឋានមានសភាពចាស់ទ្រុឌទ្រោមមិនអាចរស់នៅបាននោះ ក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរឃុំ ស្រុក សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានសាងសង់ផ្ទះមនុស្សធម៌ជូនដល់គ្រួសារលោកឲ្យបានស្នាក់នៅបានសមរម្យ ហើយក៏ជាផ្ទះទី២៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង ជាផ្ទះទី២ហើយនៅក្នុងស្រុកអង្គរធំនេះ ។ មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ លោកជំទាវក៏បានបន្តថាដោយមើលឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារលោក ជីវ ឈិន ទើបសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានសម្រេចសាងសង់ផ្ទះមួយខ្នងជូនគ្រួសារនេះ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខា ក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា កាក បាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា និង ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ។ លោកជំទាវ ក៏បានបន្តថា សូមកុំអស់សង្ឃឹមចំពោះវាសនារបស់ខ្លួន ទោះបីមានភាពក្រីក្រក៏ពិតមែន ក៏សង្គមជាតិមិនបោះបង់ចោលក្រុមគ្រួសារណាឡើយ ដោយយើងមានអាជ្ញាធរមូលដ្ឋានជាអ្នកគ្រប់គ្រងនៅជិតខ្លួន។ ក្នុងនោះដែរ លោកជំទាវក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ដែលបានចូលរួម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងរដូវវស្សានេះ នៅពេលមានភ្លៀង ផ្គរន្ទះ ខ្យល់កន្ទ្រាក់ មិនត្រូវប្រើប្រាស់ទូរស័ព្ទ គ្រឿងអេឡិចត្រូនិចឡើយ ដែលបង្កឲ្យគ្រោះថា្នក់ និង នៅពេលមានប្រធានស័ក្តណាមួយកើតឡើង គឺត្រូវរត់ទៅរកទីទួលសុវត្ថិភាព និង ត្រូវចេះធ្វើការថែទាំសុខភាព ត្រូវសម្រានក្នុងមុង និងកូនតូចៗរបស់ខ្លួន នៅពេលមានជំងឺត្រូវបញ្ជូនកូនទៅកាន់មណ្ឌលសុខភាព និងជំរុញកូនៗរបស់ខ្លួនឲ្យបានទៅសិក្សារៀនសូត្រផងដែរ។ ម៉្យាងទៀតក្រៅពីការងារបង្កបង្កើនផល រដូវវស្សា សូមបងប្អូនធ្វើការដាំដុះដំណាំរួមផំ្ស ដើមី្បធ្វើការទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសារផងដែរ ។ អំណោយសង្កត់ផ្ទះ មានអង្ករ ៥០គីឡូក្រាម ឃីត១កញ្ចប់ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ កន្ទេល១ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល។ សម្រាប់លោកតា លោកយាយ និង ប្រជាពលរដ្ឋដែលបានអញ្ជើញ ចូលរួមពិធី ម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀលផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប