លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី ១៨ ជូនគ្រួសារស្ត្រីមេម៉ាយក្រីក្រ នៅស្រុកក្រឡាញ់
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-06-16 09:14:53

ខេត្តសៀមរាប ៖ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ព្រមទាំងលោកជំទាវ អស់លោក លោកស្រីជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា និងមន្ត្រីប្រតិបត្តិសាខា បានអញ្ជើញសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ទី១៨ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ជូនអ៊ំស្រី សោម រ៉ង់ អាយុ៦០ឆ្នាំ ជាស្ត្រីមេម៉ាយទីទ័លក្រខ្លាំង ហើយមានកូនពិការម្នាក់ទៀតត្រូវថែទាំ រស់នៅភូមិខ្សាច់ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៧នេះ ។ ផ្ទះមនុស្សធម៌ មានទំហំ ៤ម៉ែត្រគុណ៥ម៉ែត្រ សង់ពីឈើ តម្កល់លើជើងតាង កម្ពស់ពីដី១,៦ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្ដារ ក្រោមការជួយឧបត្ថម្ភរបស់ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោកជំទាវ ។ មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ គួយ ណាលីនឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកជំទាវ ក៏បានបន្តថាដោយមើលឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារប្អូនស្រី ទើបសាខាកាក បាទក្រហមកម្ពុជា ខេត្តសៀមរាប បានសម្រេចសាងសង់ផ្ទះមួយខ្នងជូនក្រុមគ្រួសារប្អូននាពេលនេះ។ ទាំងនេះក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ សំខាន់កាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា” ហើយ “ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា” ។ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានបន្តថា សូមឲ្យ អ៊ុំស្រីកុំអស់សង្ឃឹម ចំពោះវាសនារបស់ខ្លួន គឺ ត្រូវខិតខំតស៊ូឡើង ដើមី្បជីវិត និង អនាគតរបស់ក្រុមគ្រួសារ កូនៗរបស់ខ្លួន ហើយសង្គមក៏មិនបោះបង់ចោលបងប្អូនឡើយ ដោយយើងមានអាជ្ញាធរមូលដ្ឋានជាអ្នកគ្រប់គ្រង និងមើលការខុសត្រូវទៀតផង ។ ម៉្យាងទៀត បងប្អូនទាំងអស់ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាភ្លើងផ្សែង និងគ្រោះធម្មជាតិ ដែលងាយបង្កគ្រោះថ្នាក់ផ្សេងៗជាដើម និង ត្រូវចេះធ្វើការថែទាំសុខភាព និងកូនតូចៗរបស់ខ្លួន នឹងបញ្ជូនកូនរបស់ខ្លួនឲ្យបានទៅសិក្សារៀនសូត្រ និង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយបច្ចុប្បន្នការបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យយើងជួបនូវប្រធានស័ក្តិ ពីបាតុភូតធម្មជាតិ ដូច្នេះនូវមានបញ្ហាណាមួយកើតឡើងពីធម្មជាតិ សូមបងប្អូនត្រូវមានការរត់រកទីកន្លែងដែលមានសុវត្ថិភាពផងដែរ ។ លោកជំទាវបានបញ្ជាក់ថា នេះជាផ្ទះមនុស្សធម៌ទី២ ហើយសម្រាប់ស្រុកក្រឡាញ់ ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រខ្វះជម្រក ដើមី្បឲ្យមានទីលំនៅរស់នៅសមរម្យដូចប្រជាពលរដ្ឋឯទៀតផងដែរ ។ អំណោយសង្កត់ផ្ទះថ្មីនេះ រួមមាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ ទូរទស្សន៍១ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកាមួយចំនួន ។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមម្នាក់ៗទទួលបានថវិកាមួយចំនួនផងដែរ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប