លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


រួមគ្នាទ្រទ្រង់សុខភាពកុមារកម្ពុជា
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-06-16 08:53:35

ខេត្តសៀមរាប ៖ ទឹកប្រាក់ចំនួន ១ម៉ឺនដុល្លា ដែលទទួលបានពីស្មារតីនៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមលើកទី១៥៤ ក្រោមប្រធានបទ ( កាកបាទក្រហមកម្ពុជាមានគ្រប់ ទីកន្លែង សម្រាប់គ្រប់ៗគ្នា )ដើមី្បយកមកទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ ( ស្ថិតនៅក្រុងសៀមរាប ) ក្នុងការឆ្លើយតបទៅនឹង តម្រូវការរបស់កុមារ និង ស្ត្រី ដែលកំពុងជួបនូវបញ្ហាសុខភាព ។ ម៉្យាងទៀតដោយមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលបានកំពុងជួបវិបត្តិ កង្វះខាតមូលនិធិ ដើម្បីដំណើរការជួយពិនិត្យព្យាបាលកុមារនិងស្រ្តីកម្ពុជា ដោយឥតគិតថ្លៃនោះ ត្រូវបានលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង លោកជំទាវ ទោម ចន្ថា នូ ផល្លា សមាជិកាកិត្តិយសកាកបាទក្រហមកម្ពុជាខេត្ត នាំយកទៅប្រគល់ជូន កាលពីរសៀលថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០១៧នេះ ។ ក្នុងកិច្ចស្វាគមន៍របស់លោកនាយកមន្ទីរពេទ្យកុមារអង្គរ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ នៅមន្ទីរពេទ្យកុមារ អង្គរ ខេត្តសៀមរាប មានកុមារប្រមាណពី ៤០០នាក់ ទៅ៧០០នាក់ បានមកទទួលសេវាពិនិត្យ ព្យាបាល និង ថែ ទាំសុខភាព ចាប់ពីជម្ងឺស្រាល រហូតដល់ធ្ងន់ មកពីគ្រប់បណ្តាខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ លោក បានបន្តទៀតថា មន្ទីរពេទ្យកុមារអង្គរ បានទទួលធ្វើការវះកាត់បេះដូង ជម្ងឺមហារីកភ្នែក ជម្ងឺសង្រ្គោះបន្ទាន់ ដោយ បានធ្វើការថែទាំ និង យកចិត្តទុកដាក់ខ្ពស់ ។ លោកបន្តទៀតថា មន្ទីរពេទ្យកុមារអង្គរ បានពឹងផ្អែកទាំងស្រុងលើ មូលនិធិពីសប្បុរសជន ដៃគូសហការ និង សកម្មភាពរៃអង្គាសថវិកា ពីសប្បុរសជន ក្នុង និងក្រៅប្រទេស ដើមី្បទ្រ ទ្រង់សេវាសុខភាពរបស់មន្ទីរពេទ្យ ។ ជាក់ស្តែងថ្ងៃនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំមកនូវ ថវិកា ចំនួន ១ម៉ឺនដុល្លា ចូលរួមចំណែកសកម្មភាពសប្បុរសធម៌ ក្នុងការលើកកម្ពស់សុខមាលភាពកុមារកម្ពុជា ដែលជាទំពាំស្នងប្ញសី្សនៃអនាគតប្រទេសជាតិ ។ មានប្រសាសន៍នោះដែរ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខភាព កុមារ និង ស្ត្រី កម្ពុជា ដោយមិនបានប្រកាន់នូវនិន្នាការនយោបាយអ្វីឡើយ ។ លោកជំទាវក៏បានលើកឡើងថា បញ្ហាសុខភាព គឺជាកត្តាចំបងសម្រាប់មនុស្សយើងគ្រប់រូប ហើយកត្តាសំខាន់នោះលើការថែទាំ រក្សាសុខភាពកុមារ កម្ពុជា ដែលជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ។ ដោយមើលឃើញនូវភាពកង្វះខាតរបស់មន្ទីរពេទ្យកុមារអង្គរ នេះហើយ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបរិចាកនូវថវិកា ដែលទទួលបានពីស្មារតីនៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមលើកទី១៥៤ ក្រោមប្រធានបទ ( កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ) ដើមី្បមកទ្រទ្រង់ក្នុងការព្យាបាលនិងបានជួយសង្គ្រោះជីវិតកុមារកម្ពុជា មាន ជម្ងឺទាំងអស់ដោយឥតគិតថ្លៃ មកពីគ្រប់បណ្តាខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា មិនគិតអំពីវណ្ណៈ ពណ៌សម្បុរនោះឡើយ ប្រកបដោយ មនុស្សធម៌ និង ភាពយុត្តិធម៌ទៀតផង ។ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង បាន ធ្វើការថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទាំងគ្រូពេទ្យជាតិ អន្តរជាតិ ដែល បានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យព្យាបាលជម្ងឺកុមារកម្ពុជា និង បងប្អូនជាស្ត្រី ដែលបានចូលមកពិនិត្យ ពោះ និង សម្រាលកូន ប្រកបដោយសុវត្ថិភាពខ្ពស់ទៀតផង ។ ក្នុងនោះដែរលោកជំទាវក៏បានធ្វើការអំពាវនាវដល់ បងប្អូនសប្បុរសជននៅគ្រប់បណ្តាខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដើមី្បចូលរួមជាថវិកា ក្នុងការទ្រទ្រង់ដល់សេវា ព្យាបាល របស់មន្ទីរពេទ្យកុមារអង្គរ ដើមី្បរួមគ្នាទ្រទ្រង់សុខភាពកុមារកម្ពុជា ក្រោមទស្សនៈវិស័យផ្តល់ការព្យាបាល ថែទាំសុខភាពដល់កុមារកម្ពុជា ប្រកប ដោយសេចក្តី មេត្តា ករុណា គុណភាពខ្ពស់ និង មិនគិតកម្រៃឡើយ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារខេត្តសៀមរាប