លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ពិធីប្រគល់ប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋពីរភូមិនៅសង្កាត់ជ្រាវ
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-05-27 15:19:05

ខេត្តសៀមរាប ៖ ដើមី្បជាទំនុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋជាម្ចាស់លើការកាន់កាប់ដីធ្លីឲ្យស្របច្បាប់ ក្នុងការចុះបញ្ជីដីធ្លី បំពេញបន្ថែម ដើមី្បចេញវិញ្ញាបនបត្រសម្គាស់ម្ចាស់អចលនវត្ថុជូនប្រជាជន ដែលជាម្ចាស់ក្បាលដី ចំនួនពីរភូមិ គឺភូមិ តាចេក និង ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានទទួលប័ណ្ណសំគាល់អចលនៈទ្រព្យ ចំនួន ១ពាន់៨៨៩ប័ណ្ណ ត្រូវបានប្រគល់កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តសៀមរាប ដោយមានការ អញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវជាសមាជិកក្រុមការងារថ្នាក់ជាតិ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី ជា ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ចៅសង្កាត់ និងប្រជាពលរដ្ឋផងដែរ ។ ក្នុងសេចក្តីរាយការណ៍របស់លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដីខេត្ត បានបញ្ជាក់ឲ្យដឹងថា ក្បាលដីដែលក្រុមការងារសុរិយោដី ធ្វើការវាស់វែងនៅភូមិតាចេក មាន ចំនួន ក្បាលដីសរុប ១ពាន់៤៥១ក្បាលដី ហើយបានចេញវិញ្ញាបនបត្រសម្គាល់អចនវត្ថុ ត្រូវចែកជូនពេលនេះ ចំនួន ៩៧៤ប័ណ្ណ និង ភូមិ បុស្សក្រឡាញ់ មានក្បាលដីសរុប ១ពាន់៥២២ក្បាលដី និង បានចេញវិញ្ញាបនបត្រ សម្គាល់អចនវត្ថុ ត្រូវចែកជូនពេលនេះ ចំនួន ៩១៥ប័ណ្ណ ហើយចំពោះក្បាលដីដែលពុំទាន់បានចេញបណ្ណ័ទាំង ពីរភូមិ ចំនួន ១ពាន់៨៤ក្បាលដី ដែលគ្មានទិន្នន័យ ជាក្បាលដីទំនាស់តវ៉ាផ្លូវ ប្រឡាយសាធារណៈ ក្បាលដីជាប់ បណ្តឹងទប់ស្កាត់ជាដើម ។ មានប្រសាសន៍សំណេះសំណាលនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានពាំនាំនូវការសាក សួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដល់បងប្អូនជនរួមជាតិទាំងមូល សំខាន់ប្រជាពល រដ្ឋក្នុង ខេត្តសៀមរាបផងដែរ ។ ឯកឧត្តមក៏បានបន្តទៀតថា ថ្ងៃនេះជាថ្ងៃនូវក្តីរីករាយរបស់បងប្អូនប្រជាពលរដ្ឋទាំងពីរភូមិ សង្កាត់ ជ្រាវ ដែលបានទន្ទឹងរងចាំជាយូឆ្នាំមកហើយ ដើមី្បទទួលធ្វើជាម្ចាស់កម្មសិទ្ធិពេញលេញ លើដីធ្លីរស់នៅរាល់ថ្ងៃ ក្នុងការបែងចែកមរតកជូនដល់កូនចៅ ព្រមទាំងដោះស្រាយជីវភាពក្នុងក្រុមគ្រួសារ ទៅតាមតម្រូវការចាំបាច់របស់ខ្លួន ។ ឯ.ឧ ទៀ បាញ់ ក៏បានបញ្ជាក់ជូនដល់បងប្អូនជាម្ចាស់ក្បាលដី ទាំងពីរភូមិ សង្កាត់ជ្រាវ ដែលដីមួយចំនួនដែលជាដី ជាប់នឹងតំបន់អាជ្ញាធរបឹងទន្លេសាប និង ទីទូលបូរាណដ្ឋាន និង មានដីទំនាស់ ប៉ះពាល់ផ្លូវ ប្រឡាយសាធារណៈ ដែលមិនអាចចេញប័ណ្ណជូនបានទេ ហើយប័ណ្ណកម្មសិទ្ធិ ដែលត្រូវប្រគល់ ជូនម្ចាស់កម្មសិទ្ធិករទាំងពីរភូមិមានចំនួន ១ពាន់៨៨៩ប័ណ្ណ ។ ម៉្យាងទៀតប័ណ្ណកម្មសិទ្ធិដែលត្រូវចេញ និង ចែកជូនបងប្អូនពេលនេះ ក៏ដោយការចូលរួមសហការ ពីបងប្អូនប្រជាពលរដ្ឋម្ចាស់ក្បាលដី នឹង អ្នកកាន់កាប់ដី ដែលបានគោរពទៅតាមការ កំណត់របស់គណៈកម្មការវាស់វែង ដីធ្លី ដែលបានបិទផ្សាយទិន្នន័យជាសាធារណៈរួចមក ។ ឯ.ឧ ទៀ បាញ់ ក៏បានដាក់នូវវិធានការមួយចំនួន ដល់មន្ទីរជំនាញ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់និងត្រូវរួមសហការក្នុងការពង្រឹងនូវការផ្តល់សេវា រដ្ឋបាលសាធារណៈ និង រក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សន្តិភាព ជូនប្រជាពលរដ្ឋ ព្រមទាំងជម្រុញធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតនៅក្នុងមូលដ្ឋាន ឲ្យបានទៅបោះឆ្នោតគ្រប់ៗគ្នា នាថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០១៧ខាងមុខនេះ ផងដែរ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកឡើងផងដែរ អំពីស្ថានភាពនយោបាយក្នុងប្រទេសនិងក្រៅប្រទេស ព្រមទាំងធ្វើការគាំទ្រដល់រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោតផងដែរ ។ ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋ ក៏បានសម្តែងនូវការអបអរសាទរ រីករាយ ក្នុងឱកាសដែលពួកគាត់បានទន្ទឹងរងចាំជាយូរមកហើយ នូវក្តីសង្ឃឹមរបស់បងប្អូន ក្នុងការធ្វើជាម្ចាស់អចលនវត្ថុ ដើមី្បមានសិទ្ធិបានយកទៅ ប្រើប្រាស់តាមផ្លូវច្បាប់ ក្នុងការដោះស្រាយជីវភាពក្រុមគ្រួសារទៀតផង ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប