លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


កិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-05-27 07:49:17

ខេត្តសៀមរាប ៖ នៅសាលប្រជុំរដ្ឋបាលសាលាស្រុកជីក្រែង ខេត្តសៀមរាប នាព្រឹកថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០១៧ មានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមសំណាក់ឯកឧត្តម លោកជំទាវ ជាគណៈអភិបាលខេត្ត ស្នងការ មេបញ្ជាការ និង អស់លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត ប្រធានគណៈបញ្ជាការឯកភាពក្រុង ស្រុក ចូលរួមផងដែរ ។ បន្ទាប់ពីឯកឧត្តមបណ្ឌិតប្រធានបានបើក និងដាក់នូវរបៀបវារៈកិច្ចប្រជុំដោយផ្តោតទៅលើការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាលយុទ្ធនាការឃោសនា និង ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧ និង ការស្តាប់នូវសេចក្តីរាយការណ៍ របស់បណ្តាកងឯកភាព លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាជននៅតាមបណ្តាមូលដ្ឋានក្រុង ស្រុក ព្រមទាំងការលើនូវផែនការសម្រាប់អនុវត្តបន្តរួចមក អង្គប្រជុំទាំងមូលបានធ្វើកិច្ចពិភាក្សាអំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាន ក្នុងការលើកនូវសោភ័ណភាពក្រុង នៅក្នុងតំបន់ទេសចរណ៍ ។ ក្នុងនោះសមាជិកអង្គប្រជុំ ក៏បានពិភាក្សាស៊ីជម្រៅ ដោយបានផ្តោតខ្ពស់លើគម្រោងផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុង ឱកាសយុទ្ធនាការឃោសនា និង ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ខេត្តសៀមរាប ។ ឆ្លងតាមកិច្ចពិភាក្សានៃកិច្ចប្រជុំហើយនោះមានប្រសាសន៍បូកសរុបនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការវាយតម្លៃខ្ពស់ ពីរបាយការណ៍តាមបណ្តាកងឯកភាពរបស់ខេត្ត និង ឯកភាពទៅលើគម្រោងផែនការ ការ ពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ របស់កងកម្លាំងសមត្ថកិច្ចដែលបានលើកឡើងផងដែរ ។ ឯកឧត្តមបណ្ឌិតក៏បានដាក់នូវបទបញ្ជា និង វិធានការមួយចំនួន ដល់គ្រប់សមត្ថកិច្ចនៃកងកម្លាំងប្រដាប់អាវុធ និង គណៈបញ្ជាការឯកភាពក្រុង ស្រុក ក្នុងការគ្រប់គ្រងនូវរាល់សភាពការណ៍ដែលកើតមានឡើងនៅតាមមូលដ្ឋានក្នុងខេត្តសៀមរាប ក្នុងការបញ្ជៀសនូវរាល់បាតុភាពផ្សេងៗនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការជម្រុញលើការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ក្នុងធានានូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ សម្ខាន់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ។ ឯកឧត្តមបណ្ឌិតឲ្យគ្រប់បណ្តាក្រុង ស្រុក ទាំងក្នុងរដូវកាលយុទ្ធ នាការឃោសនា និង ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវមានការផ្តល់ព័ត៌មានជាប្រចាំតាមគេហ ទំព័ររបស់ក្រុង ស្រុក មកកាន់សាលាខេត្តសៀមរាប ។ ម៉្យាងទៀតត្រូវក្តាប់ឲ្យបាននូវរាល់សមាសភាព ដែលតែងបង្កភាពអសន្តិសុខនៅក្នុងមូលដ្ឋាន សំខាន់បងធំ បងតូច ការជួញដូរផ្លូវភេទ គ្រឿងញៀន និង បទល្មើសព្រៃឈើ និង នេសាទជាដើម ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានដាក់នូវវិធានការណ៍មួយចំនួន ក្នុងការធានានូវសុវត្ថិភាព សន្តិសុខចំពោះ បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត និង ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ផងដែរ ។ ចំពោះការដង្ហែក្បួនរបស់គណបក្សនេះ សមត្ថកិច្ចទាំងអស់ត្រូវធ្វើការសម្រួស ក្នុងការបញ្ជៀសនូវការកកស្ទះចរាចរណ៍ ឲ្យបានទៅតាមគោលបំណងរបស់គណបក្ស នយោបាយទាំងនោះ ដើមី្បបញ្ជៀសពីការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សង្គម ។ ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់ ចំពោះសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់ និង មានវិធានការ ដល់ប្រជាពលរដ្ឋស្លៀកពាក់នូវឯកសណ្ឋានកងទ័ពមិនគ្រប់លក្ខណៈ គ្មានអង្គភាពពិតប្រាកដ ព្រមទាំងបង្កើន នូវការត្រួតពិនិត្យនូវអាវុធជាតិផ្ទុះឲ្យបានជាប្រចាំ ក្នុងធានាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ព្រមទាំងសូមឲ្យបងប្អូនប្រជាជន ជាអាជីវករ ពណិជ្ជករក្នុងក្រុងសៀមរាប ចូលរួមធ្វើអនាម័យ បរិស្ថានក្រុង និង ការថែរក្សាសុវត្ថិភាព សន្តិសុខ ទ្រព្យសម្បត្តិរបស់ខ្លួន ដូចជាការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ ៕ ម៉ី សុខារិទ្ធ ភា្នក់ងារខេត្តសៀមរាប