លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ប្រជាពលរដ្ឋទីទ័លក្រ និង ចាស់ជរាគ្មានទីពឹង ចំនួន៤០គ្រួសារ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ទទួលអំណោយកាកបាទក្រហមកម្ពុជា
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-04-11 23:29:51

ខេត្តសៀមរាប ៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោកជំទាវ ទោម ចន្ថា នូ ផល្លា សមាជិកាកិត្តិយសកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹងស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន ដែលងាយ រងគ្រោះបំផុត ចំនួន៤០គ្រួសារ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។ មានប្រសាសន៍នាឱកាសនោះលោកជំទាវ គួយ ណាលីន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែព្រួយបារម្ភ និង យកចិត្តទុកដាក់ចំពោះសុខភាពប្រជាពល រដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ លោកជំទាវ ក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេស កាកបាទក្រហមកម្ពុជា បានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” សំខាន់នៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ សូមទេព្ដាឆ្នាំថ្មីជួយថែរក្សាបងប្អូនទាំងអស់បានជួបតែនឹងសេចក្ដីសុខ សេចក្ដីចម្រើនគ្រប់ក្រុមគ្រួសារ ។ លោកជំទាវក៏បានធ្វើការណែនាំផងដែរ ចំពោះបងប្អូនជាស្ត្រី សំខាន់ស្ត្រីដែលទើបសម្រាល់កូនតូច និង មានផ្ទៃពោះត្រូវយកចិត្តទុកដាក់ថែទាំសុខភាពទាំងម្តាយ និង កូន ដោយត្រូវនាំកូន របស់ខ្លួនមកមណ្ឌលសុខភាព ដើមី្បទទួលការចាក់ថ្នាំបង្កា ការពារជម្ងឺ និង ពិនិត្យសុខភាព ។ ម៉្យាងទៀតក៏បងប្អូនទាំងអស់ត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាភ្លើងផ្សែង ពីព្រោះថាពេលនេះជារដូវក្តៅស្ងួត នឹងងាយរងគ្រោះដោយអគ្គីភ័យ និង គ្រោះថ្នាក់ផ្សេងៗជាដើម និង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយបច្ចុប្បន្នការបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យយើងជួបនូវប្រធានស័ក្តិ ពីបាតុភូតធម្មជាតិ ដូច្នេះបងប្អូនត្រូវតែរត់រកទីកន្លែងដែលមានសុវត្ថិភាព នៅពេលមានគ្រោះអាសន្នកើតឡើង ។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖ សារុង១ សាប៊ូលុច្ស២ដុំ សាប៊ូម្សៅ១កញ្ចប់ ច្រាសដុសធ្មេញ១ដើម ថ្នាំដុសធ្មេញ១បំពង់ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ប្រេងឆា១ដប នំធុង១ធុង អង្ករ២៥គីឡូក្រោម ទឹកបរិសុទ្ធ១យួរ និងថវិកា២ម៉ឺនរៀល៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារសារព័ត៌មានសៀមរាប