លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ទិវាអេដស៍ ០១ធ្នូពិភពលោកនៅខេត្តសៀមរាប
បញ្ចូលអត្ថបទ ៖ vichet
2015-12-03 09:43:43

ថ្ងៃទី១ ធ្នូ ជារៀងរាល់ឆ្នាំនៅលើពិភពលោកទាំងមូល រៀបចំប្រារព្ធនូវទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺ អេដស៍ លើកទី២៦នៅលើពិភពលោក និងលើកទី២៥នៅកម្ពុជា ក្រោមប្រធានបទ (ឈានឆ្ពោះសម្រេចគោលដៅ យុទ្ធ សាស្ត្រ ៩០.៩០.៩០) ក្រោមអធិបតីភាពរបស់ឯកឧត្តមវេជ្ជបណ្ឌិត ជា សំអាន អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធ នឹងជម្ងឺអេដស៍ និង ឯ.ឧ សង់ រីហា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០១៥នេះ នៅភោជនីយដ្ឋាន អង្គរម៉ុងឌីយ៉ាល់ ក្រុងសៀមរាប ដោយមានការចូលរួមពីសំណាក់អស់ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អង្គការដៃគូរ និង សិស្សានុសិស្ស ព្រមទាំងប្រជាជន និង សកម្មជន ប្រយុទ្ធ នឹងជម្ងឺអេដស៍ ប្រមាណជាង៤០០នាក់ចូលរួម ។ ក្នុងក្រោមប្រធានបទ (ឈានឆ្ពោះសម្រេចគោលដៅ យុទ្ធសាស្ត្រ ៩០.៩០.៩០.) គឺ ៩០ នៃមនុស្សទាំង អស់អ្នកផ្ទុកមេរោគអេដស៍ ដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ពួកគេ . ៩០នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ដែលបានធ្វើរោគវិនិច្ឆ័យ បានបន្តទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ជាប់ជាប្រចាំ និង ៩០នៃ អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ដែលទទួលការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ និង រកឲ្យឃើញថា បានកម្ចាត់មេរោគអេដស៍ពីក្នុងឈមរបស់ខ្លួន ។ ក្រោយពីលោកប្រធានមន្ទីរសុខាភិបាលខេត្ត អាននូវសេចក្តីថ្លែងការរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ក្នុងការស្វែងរកការគាំទ្រតស៊ូមតិ ក្នុងនាមអ្នករងគ្រោះ និង បំបាត់នូវភាពរើសអើង ចំពោះអ្នកជម្ងឺអេដស៍ និង អ្នកផ្ទុកមេរោគអេដស៍ និង ការធ្វើចំណាប់អារម្មណ៍របស់អង្គរមូលនិធិថែទាំសុខភាពអ្នកជម្ងឺអេដស៍នៅ កម្ពុជា ក្នុងគោលបំណងជាក់លាក់ ក្នុងការផ្តល់ចំណេះដឹងទូលំទូលាយ ដល់មហាជន អំពីការបង្ការកាចម្លងមេរោគ អេដស៍ និង ផលប៉ះពាល់ដល់ក្រុមគ្រួសារ ការព្យាបាលថែទាំអ្នកជម្ងឺអេដស៍ រួមទាំងវិធានការផ្សេងៗ​ប្រកបដោយ មានប្រសិទ្ធិភាព ។ មានប្រសាសន៍នោះដែរឯ.ឧ សង់ រីហា អភិបាលរងខេត្ត និង ឯ.ឧវេជ្ជបណ្ឌិត ជា សំអាន អនុប្រធាន អាជ្ញាធរជាតិ ប្រយុទ្ធ នឹងជម្ងឺអេដស៍ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិត និង បញ្ញាញាណ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសកម្ពុជា សម្រេចបានជោគជ័យ នូវ គោលដៅសហសវត្សទី៦ ក្នុងការកាត់បន្ថយប្រកបដោយប្រសិទ្ធភាពខ្ពស់ ពីការចម្លងមេរោគអេដស៍នៅកម្ពុជា ។ ក្នុងនោះឯកឧត្តមទាំងពីរ ក៏បានលើកពីគោលបំណងនៃការប្រារព្ធទិវាពិភពលោក ១ធ្នូនេះឡើង គឺដើមី្បប្រយុទ្ធ ប្រឆាំងនឹងជម្ងឺអេដស៍ និង ការលើកកម្ពស់ពីការយល់ដឹងថ្មីៗពីការរាលដាលមេរោគអេដស៍ និង ចំណេះដឹងវិទ្យាសាស្ត្រប្រកបដោយប្រសិទ្ធភាព ជូនដល់ប្រជាពលរដ្ឋទូទៅ ព្រមទាំងធ្វើការដាលនូវស្មារតីប្រជាពលរដ្ឋឲ្យមានការ ចងចាំជានិច្ច អំពីគ្រោះថ្នាក់នៃការចម្លងមេរោគអេដស៍ និង ជម្ងឺអេដស៍ផងដែរ ។ ឯ.ឧ សង់ រីហា និង ឯកឧត្តម វេជ្ជបណ្ឌិត ជា សំអាន បានលើកផងដែរថា ដើមី្បឈានទៅសម្រេចឲ្យបាននូវគោលដៅ៩០.៩០.៩០ និង លទ្ធភាពទទួលបានសេវាជាសកល គឺមានអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ ២០លាននាក់ ទទួលបានសេវា ព្យាបាល ត្រឹមត្រូវនាឆ្នាំ២០២០ខាងមុខ និង ឈានទៅលុបបំបាត់ទាំងស្រុង ការឆ្លងថ្មីមេរោគអេដស៍នាឆ្នាំ២០២៥ ផងដែរ ។ ឯកឧត្តមទាំងពីរ បានបន្តទៀតថា ដើមី្បសម្រេចឲ្យបាន យើងរួមគ្នាលើកកម្ពស់លើការផ្តល់ប្រឹក្សា និង ធ្វើតេស្តឈាម រកមេរោគអេដស៍ ដើមី្បផ្តល់ការថែទាំ ព្យាបាលគ្រប់ជ្រុងជ្រោយ ដល់គ្រប់អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ប្រកបដោយគុណភាព និង ប្រសិទ្ធភាព និង កាត់បន្ថយនូវការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ ឲ្យមកទទួលសេវាព្យាបាលជំងឺឱកាសនិយម និង ផ្តល់ឱសថប្រឆាំងមេរោគអដស៍ ព្រមទាំងផ្តល់ នូវទំនុកចិត្ត ការឧបត្ថម្ភគាំទ្រ ដល់អ្នកផ្ទុកមេរោគ និង ជំងឺអេដស៍ ដោយធ្វើការស្វែងរកនូវការគាំទ្រ និង ចូលរួម ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និង ដៃគូនានា ដោយធ្វើការបង្ហាញពីជំហរ ក្នុងការឈានទៅសម្រេចនូវគោលដៅ ៩០.៩០.៩០ នាឆ្នាំ២០២០ និង ៩៥.៩៥.៩៥ នាឆ្នាំ២០២៥ ដើមី្បសម្រេចបាន ក្នុងការលុបបំបាត់ ការឆ្លងថ្មីនៃ មេរោគអេដស៍នៅកម្ពុជា និងទិសដៅសកលលោក (សូន្យបី) គ្មានការឆ្លងថ្មី គ្មានការរើសអើង និង គ្មានការស្លាប់ ដោយជម្ងឺអេដស៍ ៕