លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ពលករ រងគ្រោះ១៨នាក់ ធ្វើមាតុភូមិនិវត្តន៍ មកដល់មូលដ្ឋានខ្លួនវិញ ប្រកបដោយសុវត្ថិភាព !
បញ្ចូលអត្ថបទ ៖ vichet
2016-06-06 10:03:39

ពលកររងគ្រោះចំនួន១៨នាក់ ក្នុងចំណោម២១នាក់ ដែលចាញ់ឧបាយកលមេខ្យល់ និងត្រូវសមត្ថកិច្ចនៃប្រទេសឥណ្ឌូណេស៊ីឃាត់ខ្លួននោះ ត្រូវបានវិលត្រឡប់មកដល់មូលដ្ឋានរបស់ខ្លួនវិញហើយ នៅស្រុកជីក្រែង ខេត្តសៀមរាប នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ ដោយមន្រ្តីអគ្គលេខាធិការដ្ឋាន នៃគណកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញមនុស្ស នៃក្រសួងមហាផ្ទៃ បានជូនដំណើរពលកររងគ្រោះចំនួន១៨នាក់ មកដល់សាលាស្រុកជីក្រែង ខេត្តសៀមរាប បន្ទាប់ពីបានទទួលពលកររងគ្រោះទាំងនោះ នៅអាកាសយានដ្ឋានភ្នំពេញ កាលពីថ្ងៃទី០២ ខែមិថុនា កន្លងមកនេះ ។ ពលកររងគ្រោះទាំង១៨នាក់នេះ ត្រូវបានអាជ្ញាធរនៃប្រទេសឥណ្ឌូណេស៊ី ឃាត់ខ្លួន និងចាត់បញ្ជូនមកកម្ពុជាវិញ ដោយមានការជួយ អន្តរាគមន៍ សម្របសម្រួលពីសំណាក់មន្រ្តីស្ថានទូតកម្ពុជា ប្រចាំនៅឥណ្ឌូណេស៊ី ។ ការមកដល់មូលដ្ឋានរបស់ពលកររងគ្រោះទាំង១៨នាក់នោះ គេសង្កេតឃើញមានការចាំទទួលស្វាគមន៍ ដោយ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស មន្រ្តីមន្ទីរពាក់ព័ន្ធក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមជាមួយនឹងវត្តមានរបស់អង្គការក្រៅរដ្ឋាភិបាល ដែលជាពិសេសនោះ គឺមានវត្តមាន ឪពុក-ម្តាយ ប្រពន្ធ-កូន នៃពលកររងគ្រោះ ទាំងនោះ ផងដែរ ។ បើតាមការរៀបរាប់ឲ្យដឹងពីសំណាក់ពលកររងគ្រោះទាំងនោះ គឺពួកគាត់បានបង្ហាញអំពីការខកចិត្ត ដែលពួកគាត់ត្រូវបានចំណាកស្រុក ទៅលក់កម្លាំងពលកម្មខុសគោលដៅដែលបានគ្រោងទុក ។ ពួកគាត់ត្រូវបាន មេខ្យល់ចាត់បញ្ជូនឲ្យទៅធ្វើការលើទូកនេសាទថៃ ។ ប្រការដែលពួកគេចងចាំមិនអាចភ្លេចបាន និង ជាមេរៀនសម្រាប់ជីវិតនោះ គឺជីវិតជាទំនិញ ត្រូវបានគេប្រើប្រាស់ហួសពីកម្លាំងមនុស្សជាងសត្វធាតុទៅទៀត ។ ពួកគាត់ក៏បានបញ្ជាក់ថា ​ម្ចាស់ទូកនេសាទថៃ បាននាំពួកគេលួចចូលទៅនេសាទក្នុងដែនសមុទ្រនៃប្រទេសឥណ្ឌូណេស៊ី ។ អាស្រ័យហេតុដូច្នេះហើយ ដែលខ្សែជីវិតរបស់ពួកគាត់ ដែលលក់កម្លាំងពលកម្មឲ្យចៅកែថៃ តែត្រូវអាជ្ញាធរ ឥណ្ឌូណេស៊ី ជាអ្នកឃាត់ខ្លួននោះ ។ ពួកគាត់និយាយថា នេះគឺជាគ្រោះសំណាងរបស់ពួកគាត់ បើមិនដូច្នោះទេ មិនមានឱកាសបានជួនប្រពន្ធកូន ឱពុកម្តាយនោះវិញឡើយ ។ ក្នុងឱកាសនោះលោកជំទាវ ជូ ប៊ុនអេង ក៏បានជួបសំណេះសំណាលជាមួយពលកររងគ្រោះ និង ក្រុមគ្រួសារ ដោយបានធ្វើការណែនាំមួយចំនួន ព្រមទាំងបានផ្តល់នូវអនុសាសន៍ល្អដល់បងប្អូន ក្នុងការបញ្ជៀស នូវការធ្វើចំណាកស្រុកដោយខុសច្បាប់ ដែលធ្វើឲ្យបងប្អូនដែលជាប្តី កូនចៅរបស់ខ្លួន ទទួលរងគ្រោះនូវទុក្ខទោមិ្មញ និង ធ្វើឲ្យមានវិបត្តិផ្លូវចិត្តវិបដិសារីអស់មួយជីវិតក៏មានផងដែរ ។ ម៉្យាងទៀតបានធ្វើឲ្យបាត់បង់នូវធនធានមនុស្ស និង កម្លាំងពលកម្មក្នុងសង្គម ហើយការធ្វើចំណាកស្រុកដោយខុសច្បាប់នេះ គឺធ្វើឲ្យតម្លៃពលកម្មរបស់បងប្អូនដូច ជាទាសករដាច់ថ្លៃរបស់គេទៀតផង ។ លោកជំទាវក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនក្រុមគ្រួសារពលកររងគ្រោះ ក៏ដូច បណ្តាប្រជាពលរដ្ឋកម្ពុជាទាំងមូល នៅពេលបងប្អូនចង់ធ្វើចំណាកស្រុក ទៅធ្វើកម្មករក្រៅប្រទេស ត្រូវធ្វើការទំនាក់ ទំនងឲ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់របស់ខ្លួន ដើមី្បពេលបងប្អូនទៅមានជួបបញ្ហាអ្វី ងាយស្រួល ដល់ស្ថានទូតប្រចាំប្រទេសនោះ ធ្វើការទំនាក់ទំនងនិងជួយអន្តរគមន៍បានទាន់ពេលវេលាទៀតផង ហើយការងារ នៅក្នុងប្រទេសយើងក៏សម្បូរ ព្រមទាំងបានកំពុងជួបបញ្ហាកង្វះកម្មករទៀត និង មានតម្លៃសមរម្យផងដែរ ។ លោក ជំទាវ បានបន្តទៀតថា នៅពេលបងប្អូនរងគ្រោះបានមកដល់មូលដ្ឋានខ្លួនហើយ បើកចងរកការងារធ្វើ ឬ ចង់បណ្តុះ បណ្តាលមុខវិជ្ជាបច្ចេកទេសអី្វមួយ សូមទំនាក់ទំនងជាមួយអាជ្ញាធរឃុំ ស្រុក សំខាន់មន្ទីរការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តសៀមរាប ដើមី្បបានចូលរៀនសូត្រ ដែលជាចំណេះដឹងរបស់ខ្លួនក្នុងការចិញ្ចឹមជីវិត និង ក្រុមគ្រួសារទៅ ពេលអនាគត ៕