លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


បុណ្យរំឭកព្រះឧបការៈគុណសម្តេចសង្ឃរាជជោតញ្ញាណោ ជួន ណាត លើកទី៨
បញ្ចូលអត្ថបទ ៖ vichet
2016-04-05 14:03:41

នាចុងសប្តាហ៍រសៀលថៃ្ងទី០១ ខែ មេសា ឆ្នាំ២០១៦ ត្រូវថ្ងៃ១០រោច ខែផល្គុន​ព.ស២៥៥៩ នៅវត្តរាជបូព៌ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប មានប្រារព្ធធ្វើពិធីបុណ្យរំឭកព្រះឧបការៈគុណសម្តេចសង្ឃរាជជោតញ្ញាណោ ជួន ណាត និង ក្រុជំនុំព្រះត្រៃបិដក ខែ្មរ លើកទី៨ ក្រោមព្រះវត្តមានរបស់ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ រាជាគណៈថ្នាក់ទោ គណៈមហានិកាយ និង ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និង ឯ.ឧ កៅ សោភណ្ឌ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ដោយមានការនិមន្តអញ្ជើញចូលរួមពីសំណាក់ព្រះមេគុណខេត្ត ឯកឧត្តម លោកជំទាវ ព្រមទាំងមានការនិមន្តអញ្ជើញចូលរួមពីសំណាក់ ព្រះអនុគណក្រុង ស្រុក មន្ត្រីព្រះសង្ឃ និង ថ្នាក់ដឹកនាំមន្ទីរ មន្រ្តីរាជការ ពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស គរុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និង ប្រជាពលរដ្ឋយ៉ាងច្រើន កុះករផងដែរ ។ បន្ទាប់ពីគណៈអធិបតីបូជាផ្កាទៀន​ធូក និង ព្រះសង្ឃស្វាធ្យាជយន្តោ ការគោរពរំលឹកព្រះវិញ្ញាណក្ខ័ន្ធ ចំពោះសម្តេចព្រះមហាសុមេធា ធិបតី ជោតញ្ញាណោ ជួន ណាត សម្តេចព្រះសង្ឃរាជថ្នាក់ទី១ និង ក្រុមជំនុំព្រះត្រៃបិដក និង វិចនានុក្រមខ្មែរ ព្រម ទាំងព្រះមហាវីរៈសមណទាំងគណៈមហានិកាយ គណៈធម្មយុត្តិកនិកាយ និង មហាវិរៈបុព្វបុរសខ្មែរ និង ការប្រកាសព្រះឧបការៈគុណ ។ ក្នុងកិច្ចស្វាគមន៍របស់ព្រះតេជគុណ សុមនោ ហេង ប៊ុជា បានមានសង្ឃដិកាលើកឡើង ពីទិវាបុណ្យរំឭកព្រះឧបការគុណ ចំពោះសម្តេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត សម្តេចព្រះសង្ឃរាជ និង ក្រុមជំនុំព្រះត្រៃបិដក និង វិចនានុក្រមខ្មែរ គឺជាការបញ្ជាក់នូវស្នាព្រះហស្ត៍ នៃព្រះរាជនិពន្ធ និង ចងក្រងគម្ពី ក្បួនខ្នាត ក្នុងការអភិរក្សនូវអក្សរសាស្រ្តជាតិខ្មែរ ឲ្យបានគង់វង្ស ព្រមទាំងបានរំលឹកដល់ពុទ្ធបរិស័ទទាំងអស់ ដោយត្រូវ ប្រកាន់យកនូវការបំពេញ អំពើជាកុសលកម្ម តាមផ្លូវកណ្តាល ដើមី្បជាគុណប្រយោជន៍ដល់មនុស្ស លោក និង សង្គមជាតិទាំងមូល ។ ព្រះតេជគណ ស៊ុម សិរីវិបុល ព្រះនាយកវិទ្យុសាសនាកម្ពុជរដ្ឋ បានអាននូវជីវប្រវត្តិ និង ស្នាព្រះហស្ត៍ របស់សម្តច ព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត សម្តេចព្រះសង្ឃរាជ ដែលបានបន្សល់ទុកនៅដល់ប្រជាជនខ្មែរយើងគ្រប់រូប គោរពប្រតិបត្តិ ហើយព្រះអង្គទ្រង់សោយទីវង្គត មានរយៈពេល៤៧ឆ្នាំមកនេះ ព្រះ​កិត្តិគុណ ព្រះកិត្តិនាម របស់សម្តេចនៅមានគន្ធពិដោរ នឹងកាន់តែមានសារៈសំខាន់សម្រាប់ប្រជាជាតិខ្មែរយើងទៅពេលអនាគត ។ មានប្រសាសន៍នោះដែរឯ.ឧ កៅ សោភណ្ឌ ក៏បានឲ្យដឹងថា ការប្រារព្ធទិវាបុណ្យរំលឹកព្រះឧបការគុណ សម្តច ព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត សម្តេចព្រះសង្ឃរាជ និង ក្រុមជំនុំព្រះត្រៃបិដក និង វិចនានុក្រមខ្មែរ ដែលជាមហាសាមគ្គីធម៌ ដ៏មហានក្ខតបឬក្ស ជាប្រវត្តិសាស្ត្រ និង ជាលើកទី៨ហើយនៅខេត្ត សៀមរាប ហើយក៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលសម្តចជាមហាវរសង្ឃដ៏ឆ្នើម ដែលធ្វើឲ្យបុព្វជិត ពុទ្ធបរិស័ទ ប្រជាពល រដ្ឋខ្មែរយើងមិនអាចបំភ្លេចបាន ។ ឯ.ឧ កៅ សោភណ្ឌ ក៏បានគូសបញ្ជាក់ថា ក្នុងមួយជីវិតរបស់ព្រះអង្គ ទ្រង់បាន បំពេញបេសកកម្ម ក្នុងវិស័យសាធារណៈ សង្គមកិច្ច សិក្សាធិការ និង បានចងក្រងនូវគម្ពី ដីកាជាច្រើន នូវគម្ពីស្លឹករឹត ​ សៀវភៅ និង បានប្រែភាសាបាលី មកជាភាសាខ្មែរ សំរាប់ជាផលប្រយោជន៍ដល់ពុទ្ធបរិស័ទ និង រៀបរៀងនូវ វចនានុក្រមភាសាខ្មែរ ដែលជាស្នាព្រះហស្ត៍ដ៏ធំធេងរបស់ព្រះអង្គ ។ ឯកឧត្តមក៏បានបន្តទៀតថា ព្រះអង្គជាព្រះ អគ្គនិពន្ធអក្សរសាស្ត្រខ្មែរ ព្រមទាំងជាសមាជិកកិត្តិយសនែសមាគមអ្នកនិពន្ធខ្មែរ ប្រកបដោយគុណប្រយោជន៍ ទាំងផ្លូវលោក ផ្លូវព្រះធម៌ ដែលបានបំភ្លឺពុទ្ធបរិស័ទ ចេះវិភាគរកហេតុផល ខុស និង ត្រូវ ហើយមានជំនឿជាក់លើ ព្រះពុទ្ធសាសនា ហើយការបាត់បង់ព្រះរូបរបស់ព្រះអង្គក៏ពិតមែន តែព្រះកិត្តិនាមរបស់ព្រះអង្គ គឺស្ថិតនៅជានិច្ច និរន្ត ចំពោះប្រជាជាតិ និង មាតុភូមិកម្ពុជាជារៀងរហូត ។ ឯ.ឧ កៅ សោភណ្ឌ ក៏បានសំណូមពរដល់ប្រជាពុទ្ធបរិស័ទ ត្រូវប្រកាន់យកតែអំពើល្អ ដើរតាមផ្លូវកណ្តាល (មជ្ឈិមបដិបទា) ដើមី្បសេចក្តីសុខ និង ចូលរួម អនុមោទនា ចាប់យកមគ្គផលទៅតាម កម្លាំងសទ្ធា ទុកជាគុណប្រយោជន៍តម្កល់ទុក ក្នុងព្រះពុទ្ធសាសនា ទាំងបច្ចុប្បន្នជាតិ និង ទៅអនាគតជាតិផងដែរ ។ ម៉្យាងទៀតវិស័យព្រះពុទ្ធសាសនា គឺជាប្រទីបបំភ្លឺផ្លូវដល់ជនគ្រប់រូប ឲ្យប្រតិបត្តិអំពើល្អ ហើយក៏ជា វិស័យមួយបានកំពុងទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកសិក្សាស្វែងយល់អំពីសាសនាផងដែរ ។ ក្នុងនោះដែរព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ រាជាគណៈថ្នាក់ទោ គណៈមហានិកាយ និង ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក ក៏បានមានពុទ្ធឱវាទមួយចំនួន ដើមី្បសម្រាបពុទ្ធបរិស័ទ និង ព្រះសង្ឃត្រូវគោរព ប្រតិបត្តិ ទៅតាមផ្លូវធម៌របស់ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។ ម៉្យាងទៀងព្រះសង្ឃ ពុទ្ធបរិស័ទទាំងអស់ ក៏ ត្រូវធ្វើការថែរក្សាឲ្យបានគង់វង្ស នូវមរតកវប្បធម៌អក្សរសាស្ត្រជាតិ ដែលជាស្នាព្រះហស្ត៍ នៃព្រះរាជនិពន្ធ និង ចងក្រងគម្ពី ក្បួនខ្នាត ក្នុងការអភិរក្សនូវអក្សរសាស្រ្តជាតិខ្មែរ ឲ្យបានគង់វង្ស ព្រមទាំងបានរំលឹកដល់ពុទ្ធបរិស័ទទាំងអស់ ដោយត្រូវ ប្រកាន់យកនូវការបំពេញ អំពើជាកុសលកម្ម តាមផ្លូវកណ្តាល ដើមី្បជាគុណប្រយោជន៍ដល់មនុស្ស លោក និង សង្គមជាតិទាំងមូល ។ ដើមី្បខ្ជាប់នូវនិស័្សយទៅនឹងពិធីបុណ្យរំឭកឧបការៈគុណនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានប្រគេនបច្ច័យចំនួន ២លាន និង ឯ.ឧ គង់ ប៊ុនលី ចំនួន ២០០ដុល្លា រួមទាំងបច្ច័យសប្បុរសជនមួយចំនួនទៀត ដើមី្បប្រើប្រាស់ក្នុងពិធីបុណ្យនេះផងដែរ ៕