លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ពិធី​សម្ពោធ​ និង កាត់ឬសីមាសមិទ្ធផល​​​ព្រះវិហារ​ ក្នុងទីវត្ត​ប្រាសាទចន្ទរងី្ស ហៅវត្តគោកចាន់
បញ្ចូលអត្ថបទ ៖ vichet
2016-04-05 13:56:03

សមិទ្ធផល​​​ព្រះវិហារ​ ក្នុងទីវត្ត​ប្រាសាទចន្ទរងី្ស ហៅវត្តគោកចាន់ ស្ថិតនៅភូមិគោកចាន់ សង្កាត់អំពិល ក្រុង ខេត្តសៀមរាប ត្រូវ​បាន​​ធ្វើពិធី​សម្ពោធ​ និង កាត់ឬសីមា ដាក់​ឲ្យ​ប្រើប្រាស់​តាមពុទ្ធានុញ្ញាត កាលពីព្រឹកថ្ងៃទី​០១ ខែ មេសា ​ឆ្នាំ​២០១៦ ​ក្រោម​អធិបតីភាពរបស់​ឯ.ឧ ពៅ​ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ឯ.ឧ អ៊ឹង ហឿន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត ដោយមានការនិមន្ត និង អញ្ជើញចូលរួមពីព្រះមេគណខេត្តស្តីទី ព្រះសង្ឃ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង មន្ត្រីរាជការ ចៅសង្កាត់​ សីលវ័ន្ត សីលវតី ​និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ។ បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក សូ ប្លាតុង អភិបាលនៃគណៈអភិបាលក្រុងសៀមរាប និង សេចក្តីរាយ ការណ៍ របស់ព្រះមហា ស៊ុំ ពិសិដ្ឋ ព្រះចៅអធិការវត្តប្រាសាទចន្ទរងី្ស បានមានសង្ឃដិកាបញ្ជាក់អំ​ពីជីវប្រវត្តិ នៃ ការបង្កើតវត្តនេះឡើ្ងង ក្រោយថ្ងៃជ័យជំនះ ៧មករា ១៩៧៩ ទីវត្តនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៣ ដោយ លោក ប៉ែន ​សិន រួមពុទ្ធបរិស័ទក្នុងភូមិ ។ នៅឆ្នាំ២០០៩​ ត្រូវបានធ្វើការសាងសង់ព្រះវិហារថ្មីនេះឡើង ដោយ ឆ្លងកាត់រយៈពេល០៥ឆ្នាំ ទើបបានរួចរាល់ ដោយចំណាយអស់ថវិកាសរុប ២១៥ពាន់២៥០ដុល្លា ដែលជាបច្ច័យ បានមកពីអង្គកឋិនទាន បុណ្យផ្កាប្រាក់ និង សប្បុរសជន ពុទ្ធបរិស័ទដែលបានចូលរួម ។ ក្នុងការសាងសង់នោះ ដែរក៏នៅមានការជំពាក់ថ្លៃគ្រឿងសំណង់ ចំនួន ៥ពាន់២៥០ដុល្លាដែលពុំទាន់បានទូទាត់ ។ ឯ.ឧ ពៅ ពិសិដ្ឋ បាន​មានប្រសាសន៍ថ្លែងអំណរគុណ ​ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ មន្ត្រីរាជការ ​និង ​សប្បុរស​ជនជិត​ឆ្ងាយ ​ព្រមទាំង​ព្រះសង្ឃ​នៅ​វត្ត​ប្រាសាទចន្ទរងី្ស ដែល​មាន​សន្ធា​ជ្រះថ្លា​ សហការ​កសាង​សមិទ្ធផល​ដែល​កំពុង​ត្រូវ​បាន​សម្ពោធ​នា​ពេលនេះ។ ឯកឧត្តមក៏បាន​នាំ​ការ​នឹករលឹក​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ ខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ដែលមាន​គណបក្ស​ប្រជាជន​កម្ពុជា​ជាស្នូលនៃកិច្ចអភិវឌ្ឍន៍ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ​ព្រះសង្ឃ ​និងសប្បុរសជន ក្នុង​ពិធី​ទាំងមូលផងដែរ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ​កត្តា​សន្តិភាព ​ជាកត្តាសំខាន់​ណាស់​នាំមក​នូវ​ស្ថិរភាព​នយោបាយ ​និង ​ការអភិវឌ្ឍន៍​ពិតៗ ​ជូន​ប្រជាពលរដ្ឋ​ និង ​ប្រទេសជាតិ ។​ ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ក្នុងវត្តប្រាសាទចន្ទរងី្សនេះដែរ ឯ.ឧ ពៅ ពិសិដ្ឋ ​បាន​មានប្រសាសន៍ថា សមិទ្ធផល​ទាំងនេះ​កើតឡើង​ដោយ​គុណបុណ្យ​ថ្ងៃ​ជ័យជំនះ​៧​មករា​ ១៩៧៩ ក្រោម​ការ​ដឹក នាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ​ជា​ប្រមុខ​ដឹកនាំ​ បន្ទាប់ពី​ផ្ដួល​រំលំ​របប​ប្រល័យពូជសាសន៍​ ប៉ុល​ពត ហើយថ្ងៃ​៧​មករា​នេះ ក៏​ជា​ថ្ងៃកំណើត​ទី​២​របស់​យើង​ទាំងអស់គ្នា​ ជា​ថ្ងៃ​ដែល​យើងមានជីវិត​រស់​ឡើងវិញ​ ធ្វើឲ្យប្រទេស ​កម្ពុជា​ទាំងមូលបាន​រួច​ផុតពី​សង្គ្រាម​រ៉ាំរ៉ៃ ក្រោមគោលនយោបាយ ឈ្នះៗ របស់រដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹក នាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នបានធ្វើឲ្យប្រែក្លាយពីតំបន់ប្រយុទ្ធ ឲ្យមានការអភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រ និង អណាចក្រទៀតផង ។ ឯ.ឧ ពៅ ពិសិដ្ឋ ក៏​បានគូសបញ្ជាក់ថា ដោយកត្តាសាមគ្គីជាកម្លាំងនេះ ហើយ ធ្វើឲ្យយើងទទួលបានសមទ្ធិផលថ្មី ដើមី្បតំកល់ជាទីគោរពបូជារបស់បងប្អូនប្រជាពុទ្ធបរិស័ទ ដោយបច្ចុប្បន្ន នេះវិស័យសាសនា បានកំពុងទាក់ទាញដល់ភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្ត នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ក៏ដូចនៅខេត្តសៀមរាប ។ ឯកឧត្តមក៏បាន ធ្វើការក្រើនរំលឹកដល់ បងប្អូនប្រជាពលរដ្ឋ ត្រូវនាំគ្នាគោរពច្បាប់ ចរាចរណ៍ ក្នុងការកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ព្រមទាំងនាំគ្នាទៅធ្វើអត្តសញ្ញាណប័ណ្ណគំរីថ្មី និងទៅចុះឈ្មោះ ពិនិត្យឈ្មោះបញ្ជីបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ ព្រម ទាំងត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ​នេះ និង បញ្ហាភ្លើងផ្សែង ដោយរដូវ នេះជារដូវក្តៅដែលងាយទទួលរងគ្រោះបំផុត។ ឯកឧត្តម​ បន្តទៀតថា សមទ្ធិផលថ្មីក្នុងទីវត្តនេះគឺជាចំណងដៃនៃឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ ដែលកើតពីការរួមសាមគ្គី ទាំង​ព្រះសង្ឃ​ សប្បុ​រសជន និង ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដែល​រួម​សហការ​គ្នា​កសាង​ឡើង ក្នុងការបម្រើវិស័យសាសនា ទៅតាម​ពុទ្ធានិញ្ញាតក្នុងទីវត្តប្រាសាទចន្ទរងី្សនេះ ។ ក្នុងនោះដែរឯកឧត្តមក៏បាននាំយកនូវបច្ច័យរបស់ឯកឧត្តមអភិបាលខេត្តចំនួន ៥០០ដុល្លា ដើមី្បចូលរួម តំកល់ទុកក្នុងទីវត្ត ក្នុងការប្រើប្រាស់កសាងសមទ្ធិផលនានាក្នុងវត្តនេះផងដែរ ៕