លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ផែនការ ៥ ឆ្នំា

          ខេត្ដសៀមរាប ជាខេត្ដមួយក្នុងចំណោមរាជធានី ខេត្ដទាំង ២៥ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រំ​ប្រទល់ ខាងជើង ជាប់នឹង​ខេត្ដ​ឧត្ដរមានជ័យនិងព្រះវិហារ ខាងត្បូង​ជាប់នឹង​ខេត្ដ​បាត់​ដំបង​និង​បឹង​ទន្លេសាប ខាង​លិច​ជាប់នឹង ខេត្ដ​បន្ទាយមានជ័យ និងខាង​កើតជាប់​នឹងខេត្ដ​កំពង់ធំ​និងព្រះវិហារ មាន​ចំងាយ​​ប្រមាណ ៣១៤គីឡូម៉ែត្រ ពី​រាជ​ធានី ភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ។

          ខេត្ដសៀមរាបមានផ្ទៃដីសរុបប្រមាណ១០.២៩៩,៤៣ គីឡូម៉ែត្រក្រឡា ចែក​ចេញជា ១ក្រុង ១៣​សង្កាត់ និង​១១ស្រុក ៨៧ឃុំ និង៨៧៦ភូមិ ដោយមានប្រជាជនសរុប ៩៩៥.០៥៧នាក់ មានស្ដ្រី ៥០៤.៥៩៦​នាក់ ។ គ្រួសារប្រមាណ៨១,៥២% ជាកសិករ រស់នៅពឹងផ្នែកលើវិស័យ​កសិកម្ម ដែលជាវិស័យចម្បង ក្នុង​ការ​ទ្រទ្រង់​ជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋ ហើយគ្រួសារ ប្រមាណ ៧,៩៦%ប្រកបរបរលើ​សេវា​ទេសចរណ៍ ។
          នៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៤ ការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សារាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ បានធ្វើឡើងប្រកប​ដោយ​ជោគ​ជ័យក្រោមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ដ​ ក្រុង ស្រុក ខណ្ឌ។ ក្រុមប្រឹក្សាខេត្ដ និងគណៈអភិបាល​ខេត្ដ​សៀមរាប បានអនុវត្ដនូវតួនាទី និង​ភារកិច្ច​របស់ខ្លួន ដើម្បីបង្កើននូវ អភិបាលកិច្ចល្អ និងធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ស្របតាមគោល​នយោបាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសគឺ គោលនយោបាយ​វិមជ្ឈការ និងវិសហមជ្ឈការ ។
          ក្រុមប្រឹក្សាខេត្ដសៀមរាបអាណត្ដិទី២ ក៏បានរៀបចំកសាងផែនការ​អភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ​(២០១៥-២០១៩) ពីព្រោះ​ថាដោយយោង​តាមមាត្រា៣៨ និងមាត្រា៣៩ នៃច្បាប់ស្ដីពីការគ្រប់​គ្រងរដ្ឋបាល​រាជ​ធានីខេត្ដ ក្រុង ស្រុក ខណ្ឌ អនុក្រឹត្យលេខ ២១៩អនក្រ.បក ចុះថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ២០០៩ ស្ដីពីការ​កសាង​ផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និង​កម្មវិធី វិនិយោគ​បីឆ្នាំរំកិលេរាជធានីខេត្ដ ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យ​លេខ​១៥២អនក្រ.បក ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០០៩ ស្ដីពីការកែ​សម្រួល​មាត្រ១២ នៃអនុក្រឹត្យស្ដីពី ការ​កសាង​ផែនការអភិវឌ្ឍន៍ និងកម្មវិធី​វិនិយោគ​បីឆ្នាំរំកិលរាជធានីខេត្ដ ក្រុង ស្រុក ខណ្ឌ ។
          ផែនការអភិវឌ្ឍន៍ខេត្ដសៀមរាប ត្រូវបានរៀបចំឡើងស្រប​តាមសេចក្ដី​ណែ​នាំបច្ចេកទេស​របស់ថ្នាក់​ជាតិ ដោយ មានការចូលរួមក្នុង​ដំណើរ​ការ​វិភាគ​ស្ថានភាព សក្ដានុពល បញ្ហាប្រឈម និងតម្រូវការនានា ពីមន្ទីរ/​អង្គភាព ទីចាត់ការចំណុះសាលាខេត្ដ ក្រុមប្រឹក្សា និងគណៈ​អភិបាល​ក្រុង ស្រុក អង្កការសង្គម​ស៊ីវិល វិស័យ​ឯកជន អ្នកពាក់ព័ន្ធ នានា និងប្រជាពលរដ្ឋក្នុងខេត្ដ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍​រយៈ​ពេល​៥ឆ្នាំ​របស់​រដ្ឋបាលខេត្តសៀមរាបនេះឡើង ។
          ផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់ខេត្តសៀមរាប ក៏បានកំណត់អំពី​ចក្ខុវិស័យ គោលបំណង គោល​ដៅ សូចនាករជាក់លាក់ និង​យុទ្ធសាស្ដ្រ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើសេចក្ដីសម្រេចចិត្ដ​ក្នុង​ការ​ប្រើប្រាស់​ធនធាន និងសក្ដានុពលនានា ក្នុងការអភិវឌ្ឍន៍​សេដ្ឋកិច្ច និងលើកកម្ពស់គុណភាពសេវា សំដៅឆ្លើយ​តបតម្រូវ​​ការ​​ប្រជាពលរដ្ឋ និងចូលរួម​ចំណែក​កាត់​បន្ថយភាព​ក្រីក្រ​នៅមូលដ្ឋាន។
          ផែន​ការ​អភិវឌ្ឍន៍រយៈពេល៥ឆ្នាំ​របស់រដ្ឋបាលខេត្ដសៀមរាប គឺជាឯកសារតំរង់ទិស ដើម្បីរៀបចំនូវ​ក្របខណ្ឌ យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍ខេត្ដ ក្នុងការប្រើប្រាស់ធនធានដ៏មានកំរិតរបស់​រដ្ឋបាល​ខេត្ត ប្រកប​​ដោយ​ប្រសិទ្ធិភាព និង ប្រសិទ្ធិផលខ្ពស់ ។
          ផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្ដសៀរមាប មានបី​ជំពូក ដោយជំពូកទី១ បរិយាយ​អំពី ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ជំពូកទី២ បរិយាយអំពីក្របខណ្ឌអភិវឌ្ឍន៍ និងជំពូកទី៣ បរិយាយ​អំពី​ការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្ដផែនការអភិវឌ្ឍន៍​ខេត្ដ​សៀមរាប សម្រាប់រយៈ​ពេល​៥ឆ្នាំ​ខាងមុខ។


=> តារាងតាមដានត្រួតពិនិត្យក្របខ័ណ្ឌអភិវឌ្ឃន៏ខេត្តសៀមរាប 2011-2015