ចែករំលែកទៅកាន់បណ្ដាញសង្គម:


ផែនការ ៥ ឆ្នាំ

         ខេត្ដសៀមរាប ជាខេត្ដមួយក្នុងចំណោមរាជធានី ខេត្ដទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ ខាងជើង ជាប់នឹងខេត្ដឧត្ដរមានជ័យនិងព្រះវិហារ ខាងត្បូងជាប់នឹងខេត្ដបាត់ដំបងនិងបឹងទន្លេសាប ខាងលិចជាប់នឹង ខេត្ដបន្ទាយមានជ័យ និងខាងកើតជាប់នឹងខេត្ដកំពង់ធំនិងព្រះវិហារ មានចំងាយប្រមាណ ៣១៤គីឡូម៉ែត្រ ពីរាជធានី ភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ។

          ខេត្ដសៀមរាបមានផ្ទៃដីសរុបប្រមាណ១០.២៩៩,៤៣ គីឡូម៉ែត្រក្រឡា ចែកចេញជា ១ក្រុង ១៣សង្កាត់ និង១១ស្រុក ៨៧ឃុំ និង៨៧៦ភូមិ ដោយមានប្រជាជនសរុប ៩៩៥.០៥៧នាក់ មានស្ដ្រី ៥០៤.៥៩៦នាក់ ។ គ្រួសារប្រមាណ៨១,៥២% ជាកសិករ រស់នៅពឹងផ្នែកលើវិស័យកសិកម្ម ដែលជាវិស័យចម្បង ក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយគ្រួសារ ប្រមាណ ៧,៩៦%ប្រកបរបរលើសេវាទេសចរណ៍ ។
          នៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៤ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ បានធ្វើឡើងប្រកបដោយជោគជ័យក្រោមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ។ ក្រុមប្រឹក្សាខេត្ដ និងគណៈអភិបាលខេត្ដសៀមរាប បានអនុវត្ដនូវតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីបង្កើននូវ អភិបាលកិច្ចល្អ និងធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ស្របតាមគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសគឺ គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ។
          ក្រុមប្រឹក្សាខេត្ដសៀមរាបអាណត្ដិទី២ ក៏បានរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០១៥-២០១៩) ពីព្រោះថាដោយយោងតាមមាត្រា៣៨ និងមាត្រា៣៩ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ដ ក្រុង ស្រុក ខណ្ឌ អនុក្រឹត្យលេខ ២១៩អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្ដីពីការកសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធី វិនិយោគបីឆ្នាំរំកិលេរាជធានីខេត្ដ ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ១៥២អនក្រ.បក ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០០៩ ស្ដីពីការកែសម្រួលមាត្រ១២ នៃអនុក្រឹត្យស្ដីពី ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានីខេត្ដ ក្រុង ស្រុក ខណ្ឌ ។
          ផែនការអភិវឌ្ឍន៍ខេត្ដសៀមរាប ត្រូវបានរៀបចំឡើងស្របតាមសេចក្ដីណែនាំបច្ចេកទេសរបស់ថ្នាក់ជាតិ ដោយ មានការចូលរួមក្នុងដំណើរការវិភាគស្ថានភាព សក្ដានុពល បញ្ហាប្រឈម និងតម្រូវការនានា ពីមន្ទីរ/អង្គភាព ទីចាត់ការចំណុះសាលាខេត្ដ ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ស្រុក អង្កការសង្គមស៊ីវិល វិស័យឯកជន អ្នកពាក់ព័ន្ធ នានា និងប្រជាពលរដ្ឋក្នុងខេត្ដ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្តសៀមរាបនេះឡើង ។
          ផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់ខេត្តសៀមរាប ក៏បានកំណត់អំពីចក្ខុវិស័យ គោលបំណង គោលដៅ សូចនាករជាក់លាក់ និងយុទ្ធសាស្ដ្រ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើសេចក្ដីសម្រេចចិត្ដក្នុងការប្រើប្រាស់ធនធាន និងសក្ដានុពលនានា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់គុណភាពសេវា សំដៅឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។
          ផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្ដសៀមរាប គឺជាឯកសារតំរង់ទិស ដើម្បីរៀបចំនូវក្របខណ្ឌ យុទ្ធសាស្ដ្រអភិវឌ្ឍន៍ខេត្ដ ក្នុងការប្រើប្រាស់ធនធានដ៏មានកំរិតរបស់រដ្ឋបាលខេត្ត ប្រកបដោយប្រសិទ្ធិភាព និង ប្រសិទ្ធិផលខ្ពស់ ។
          ផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្ដសៀរមាប មានបីជំពូក ដោយជំពូកទី១ បរិយាយអំពី ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ជំពូកទី២ បរិយាយអំពីក្របខណ្ឌអភិវឌ្ឍន៍ និងជំពូកទី៣ បរិយាយអំពីការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្ដផែនការអភិវឌ្ឍន៍ខេត្ដសៀមរាប សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។

 

=> តារាងតាមដានត្រួតពិនិត្យក្របខ័ណ្ឌអភិវឌ្ឃន៏ខេត្តសៀមរាប 2011-2015