ចែករំលែកទៅកាន់បណ្ដាញសង្គម:


កម្មវិធីវិនិយោគ

សេចក្ដីផ្ដើម

   អនុលោមតាមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ និង ផ្អែកលើអនុក្រឹត្យ លេខ២១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្ដីពីការកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាខេត្ដសៀមរាប បានដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ខេត្ដ សម្រាប់ឆ្នាំ២០១៣-២០១៥ ដោយឈរលើគោលការណ៍ចូលរួម និងពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនស្របតាមខ្លឹមសារច្បាប់ អនុក្រឹត្យ និងសេចក្ដីណែនាំបច្ចេកទេស របស់ប្រកាសអន្ដរក្រសួងលេខ២៤១៧ប្រ.ក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១០ ស្ដីពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ។
   នេះជាលើកទី៣ហើយ សម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ដើម្បីបន្តបំលែងខ្លឹមសារនៃ ផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់ខេត្ដ ឱ្យទៅជាសកម្មភាព នៃការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍នៅក្នុងខេត្ដ សម្រាប់រយៈពេលបីឆ្នាំ ហើយដែលនឹងត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ ។ ជាមួយនេះ វាក៏ជា ផែនការឆ្លុះបញ្ចាំងពីគម្រោង ឬ សេវាជាអាទិភាពតាមបណ្ដាឆ្នាំនីមួយៗ ដែលស្របទៅនឹងក្របខណ្ឌចំណាយរយៈពេល មធ្យម(៣ឆ្នាំ)របស់រដ្ឋបាលខេត្ដផងដែរ។
   សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ ចែកចេញជាពីរជំពូក ៖ ជំពូកទី១ ត្រូវបានបង្ហាញពីព័ត៌មានសេដ្ឋកិច្ច សង្គមកិច្ច ដោយសង្ខេបក្នុងស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈម និងតម្រូវការជាអាទិភាពរបស់ខេត្ដ។ ជំពូកទី២ ត្រូវបានបង្ហាញពីគម្រោងវិនិយោគក្របខណ្ឌចំណាយរយៈពេលមធ្យម និងផែនការសកម្មភាពសម្រាប់អនុវត្ដគម្រោង ក្នុងឆ្នាំទី១ នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលផងដែរ ។ បន្ថែមពីខ្លឹមសារសំខាន់ៗខាងលើនេះ យុទ្ធសាស្ដ្រនៃការតាមដាន និងវាយតម្លៃការអនុវត្ដកម្មវិធីវិនិយោគក៏ត្រូវបានបញ្ចូល ដោយមានការកំណត់អំពីអ្នកទទួលខុសត្រូវ និង អ្នកចូលរួមតាមដាន វាយតម្លៃវិធីសាស្ដ្រនានា និងការរៀបចំរបាយការណ៍ជាដើម។
   ជារួម កម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ គឺជាឯកសារព័ត៌មានជាមូលដ្ឋាន សម្រាប់ជួយឱ្យក្រុមប្រឹក្សាខេត្ដ ធ្វើការសម្រេចចិត្ដបានត្រឹមត្រូវក្នុងការប្រើប្រាស់ធនធានមូលដ្ឋាន និងសក្ដានុពលនានា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច លើកកម្ពស់គុណភាពសេវាសាធារណៈ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់មូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព សមធម៌ និងប្រសិទ្ធភាពខ្ពស់។